កូរ៉េខាងជើងចេញមុខថ្កោលទោសអាមេរិក ចំពោះការលូកលាន់បញ្ហាផ្ទៃក្នុងចិន ពាក់ព័ន្ធនឹង កោះតៃវ៉ាន់

 (ប៉េកាំង)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុង របស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថា វានឹងធ្វើឱ្យ ភាពតានតឹងផ្នែកយោធា កាន់តែមាន សភាពអាក្រក់ឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ (Pak Myong Ho) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញ ទំហឹងចំពោះរដ្ឋាភិបាល និងប្រជាជនចិន លើគោលជំហររបស់ពួកគេ ក្នុងការរក្សាអធិបតេយ្យ ភាព ជាតិ និងបូរណភាពទឹកដី ដើម្បីសម្រេចឱ្យបានការបង្រួបបង្រួមជាតិ»

សូមបញ្ជាក់ថា ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា សហរដ្ឋអាមេរិក នឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា លើដែនកោះមួយនេះ។ រីឯចិនដែលតែងតែចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក៏បានក្រើនរំលឹកសហរដ្ឋអាមេ រិក ឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ៕