(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា កងទ័ពអាកាសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទួល ស្គាល់ថា យន្ដហោះបំបាំងកាយ-ទម្លាក់គ្រាប់បែក B-2 បានទទួលរងការខូចខាត កំឡុងពេលមាន បញ្ហាមួយកើតឡើងនៅលើអាកាស ជាហេតុបង្ខំឱ្យយន្ដហោះនេះធ្វើការចុះចតជាបន្ទាន់។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកងទ័ពអាកាសអាមេរិកបញ្ជាក់ដូច្នេះថា «យន្ដហោះទម្លាក់គ្រាប់បែក B-2 បានទទួលរងការខូចខាត ខណៈកំពុងព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ ក្រោយជួបបញ្ហា កំឡុងពេលហ្វឹកហាត់ហោះហើរជាប្រចាំ កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)»។
កងទ័ពអាមេរិកបន្ថែមទៀតថា យន្ដហោះ B-2 បានចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានទ័ព អាកាសអាមេរិក វ៉ៃត៍មែន (Whiteman Air Force Base) ក្នុងរដ្ឋ មីសួរី (Missouri)។ យ៉ាងណា ក៏ដោយ អាមេរិកមិនបានបញ្ជាក់ពីមូលហេតុ ដែលបង្ខំឱ្យយន្ដហោះទម្លាក់គ្រាប់បែបនេះចុះចតជា បន្ទាន់ ឬក៏ទំហំនៃការខូចខាតនោះទេ ដោយគ្រាន់តែឱ្យដឹងគ្មាននរណាម្នាក់រងរបួស ក្នុងហេតុការ ណ៍នេះឡើយ៕