(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ជំនួយ និងការគាំទ្រដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ ជាពិសេស ការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាស សម្តេចអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអន ឡាញ ដែលពិព័រណ៍នេះបានធ្វើឡើងក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួល បានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាង សហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគត រួមគ្នា»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាល ជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយ សម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ»។
សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងចូល រួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌ សកល តាមរយៈការផលិតនិងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែក រំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់កម្ពុជាទោះបីត្រូវបានចាត់ទុកថា ជាប្រទេស ដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានប្តេជ្ញាប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱ កាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែល កាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត។
រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត យុទ្ធសាស្រ្ត បីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោល នយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់ នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់សេវាសាធារណៈ ជួរមុខ។
សម្តេចតេជោបានបញ្ជាក់ទៀតថាកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដែលសម្រេចបាន នូវយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិត មួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងចំនួន ២ដូសជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេចបានចំនួន ៨៦% និងដូសទី១ សម្រាប់ កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន៨១%។ កម្ពុជានឹងអាចសម្រេចបាននូវ គោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមាន ឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ចនាពេលឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះជាមួយនឹង ស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួល បរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួច ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០ លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជា ច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេស ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ៕