ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឡើងការពារច្បាប់ ចំនួនបី នៅរដ្ឋសភា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ការពារសេចក្តីព្រាងច្បាប់ ចំនួនបី ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភា លើកទី៦ នីតិកាលទី៦ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ ចំនួនបី រួមមាន៖ ១.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រម ព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា – រដ្ឋាភិបាលចិន និង៣.សេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង។

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរាយការណ៍ជូនអង្គប្រជុំ ពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអន្តរក្រសួង – ស្ថាប័នដឹកនាំ ដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវ គោលនយោបាយ និងអាណិត្តប្រគល់ជូន ដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹង សមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែក ទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្ត យុទ្ធសាស្ត្រទាំងមូល។

ក្នុងនោះ លោកបានគូសបញ្ជាក់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ ទាំងបី ខាងលើ និងជាពិសេស ការចូលរួមសហការគ្នា យ៉ាងល្អប្រសើរ និងជិតស្និទ្ធ ជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សំខាន់ៗ ក្នុងការសម្រេចបាន នូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជា ក្របខ័ណ្ឌតំបន់។

ប្រភពពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អង្គប្រជុំ បានសម្តែងការកោតសរសើរ ចំពោះក្រសួង និងក្រុមការងារ ចរចាអន្តរក្រសួង-ស្ថាប័ន ដែលដឹកនាំដោយ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលបានខិតខំ កសាងច្បាប់ និងបទដ្ឋានគតិយុត្ត វិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរឡើង បរិយាកាសធុរកិច្ច និងជាពិសេស ការខិតខំប្រឹងប្រែង បញ្ចប់ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងពីរ ខាងលើ ប្រកបដោយជោគជ័យ ស្របតាមអាណត្តិ ផ្តល់ជូនដោយ ប្រមុខរាជរដ្ឋាភិបាល។

ជាលទ្ធផល ក្រោយពីបានពិនិត្យ យ៉ាងល្អិតល្អន់ រួចរាល់មក អង្គប្រជុំ បានអនុម័តយល់ព្រម ទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ទាំងបី ខាងលើ។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អង្គប្រជុំទាំងមូល ដែលបានអនុម័ត យល់ព្រម លើសេចក្តីព្រាងច្បាប់ ទាំងបី ខាងលើ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះ នឹងផ្តល់នូវប្រយោជន៍ ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង ជាពិសេសនឹងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញ នូវសេដ្ឋកិច្ច-សង្គម ក្នុងវិបត្តិកូវីដ-១៩ នឹងប្តេជ្ញាសហការ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជា វិស័យឯកជន ឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀង និងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ៕