ក្រសួងសុខាភិបាលប្រកាសថា រហូតដល់ពេលនេះកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ បំប្លែងថ្មី Delta សរុបចំនួន៣៣២៣ករណី

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសដែលទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ គឺបានអោយ ដឹងថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស មួយ ដោយបញ្ជាក់ថា កម្ពុជាបានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន ៣៣២៣ករណី គិតរហូតមកដល់ពេលនេះ ដោយរីករាលដាលនៅរាជធានីខេត្តចំនួន២៤ លើក លែងតែខេត្តកែបមួយប៉ុណ្ណោះ។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវ ដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះ ផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុស កូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។

ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួក ប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែល ដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើង លើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩៕