អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានបដិសេធថាលោកមិនបានភៀសខ្លួនចេញពីប្រទេសជាមួយលុយរាប់សិបលានដុល្លារទេ

អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាសរ៉ាហ្វ ហ្កានី បានបដិសេធថាលោកមិនបានភៀសខ្លួនចេញពីប្រទេសជាមួយនឹងលុយទាំងវ៉ាលីសចំនួនរាប់លានដុល្លារនៅពេលពួកតាលីបង់ដណ្តើមកាន់កាប់អំណាចកាលពីខែមុន។

ចេញពីកន្លែងជ្រកកោននៅក្រុងឌុយបៃ អតីតមេដឹកនាំវ័យ៧២ឆ្នាំរូបនេះ បាននិយាយថា លោកជំពាក់ប្រជាជនអាហ្វហ្គានីស្ថាននូវការពន្យល់បកស្រាយនិងបានសុំទោសការដែលប្រទេសលោកមិនបានបញ្ចប់ផ្សេងពីនេះ។

លោកអាសរ៉ាហ្វ ហ្កានី បានភៀសខ្លួនតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃ១៥សីហា នៅពេលក្រុមតាលីបង់សំរុកចូលទីក្រុងកាប៊ុលហើយលោកបានអះអាងថាលោកធ្វើដូច្នេះដើម្បីបញ្ចៀសការបង្ហូរឈាមនៅតាមដងវិថី។

តែការបង្ហូរឈាមបានកើតឡើងតាមក្រោមដោយពួកតាលីបង់បានតាមប្រមាញ់ពីផ្ទះមួយទៅផ្ទះមួយនិងសម្លាប់អតីតអ្នកបំរើការក្នុងរដ្ឋាភិបាល ខណៈដែលនៅអាកាសយានដ្ឋានពោរពេញដោយចលាចលនិងក្រុមរដ្ឋអ៊ីស្លាមបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សប្រមាណ១៨០នាក់នៅទីនោះ។

លោកហ្កានីត្រូវបានគេបន្ទោសជាខ្លាំងចំពោះចលាចលនិងការបាត់បង់អាយុជីវិតមនុស្សក្រោយលោកភៀសខ្លួន រួមទាំងការរិះគន់ចេញពីប្រធានាធិបតីអាម៉េរិកដែលថារដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជ្រើសយកការ«មិនប្រយុទ្ធសំរាប់ប្រទេសជាតិរបស់គេ»។

តែលោក ហ្កានី បាននិយាយថា «ខ្ញុំបានចាកចេញតាមការទទូចអង្វរពីផ្នែកសន្តិសុខដែលបានប្រាប់ខ្ញុំថា ការបន្តស្នាក់នៅនឹងបង្កអោយមានការប្រយុទ្ធគ្នាតាមផងវិថីក្នុងក្រុងដូចកាលពីសង្គ្រាមស៊ីវិលទសវត្សរ៍១៩៩០។ការចាកចេញពីកាប៊ុលជាការសំរេចចិត្តដ៏លំបាកបំផុតក្នុងជំវិតរបស់ខ្ញុំ។

តែខ្ញុំជឿថា វាជាវិធីតែមួយគត់ដើម្បីកុំអោយឮសូរសម្លេងកាំភ្លើងនិងសង្គ្រោះក្រុងកាប៊ុលនិងប្រជាជន៦លាននាក់របស់វា»។លោកក៏បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានដែលថា លោកបានភៀសខ្លួនជាមួយនឹងប្រាក់រាប់លានដុល្លារ៕