(ភ្នំពេញ)៖ រថយន្តដឹកខ្សាច់៦គ្រឿងបន្ថែមទៀត ត្រូវបានផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ បន្ទាប់ពីដឹកលើសទម្ងន់ផ្ទុយនឹងច្បាប់កំណត់។ ក្នុងនោះរថយន្ត៥គ្រឿង ត្រូវបានរក្សាទុកនៅមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និង១គ្រឿងទៀត រក្សាទុកនៅមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ។
រថយន្តទាំង៦គ្រឿងនេះ ត្រូវបានស្ទាក់ចាប់ និងឃាត់ទុកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បង្ក្រាបរថយន្តដឹកលើសទម្ងន់នេះ បានឱ្យដឹងថា រថយន្តដឹកខ្សាច់ ៥គ្រឿងបានដឹកលើសទម្ងន់ចាប់ ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាតអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
រថយន្ត៥គ្រឿងនេះ បានឃាត់នៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបាន លុង ខេត្តរតនគិរី។
ដោយឡែកយានយន្តដឹកខ្សាច់ធុនធ្ងន់មួយគ្រឿងទៀត ផ្ទុកទម្ងន់សរុប ៧០តោន ផ្ទុកលើសទម្ងន់ កំណត់ ៣០តោន។ រថយន្តនេះ ត្រូវបានផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ នៅមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា រថយន្តដឹកលើសទម្ងន់កំណត់ គឺជាបុព្វហេតុចម្បងមួយក្នុងការបំផ្លាញផ្លូវថ្នល់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញការ ណែនាំឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តដឹកលើសទម្ងន់ទាំងនេះទៅតាមច្បាប់កំណត់ដោយគ្មានការលើកលែងនោះឡើយ។
ក្រៅតែពីការផាកពិន័យតាមច្បាប់ហើយនោះ រថយន្តដែលដឹកលើស ទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ នឹងត្រូវយកទៅរក្សាទុករយៈពេលមួយឆ្នាំ។
ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម សេង ឈួន បាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹមនៅ គ្រប់រាជធានី ខេត្ត ដើម្បីស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ទាំងអស់នេះ។ រថយន្តដឹកលើសទម្ងន់នេះ ត្រូវបានឃាត់ និងយកមករក្សាទុកជាច្រើនគ្រឿងមកហើយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នករកស៊ីដឹកជញ្ជូន ឱ្យគោរពតាមច្បាប់ ដើម្បីចៀសផុតពីការពិន័យទាំងឡាយ ដើម្បីសុវត្ថិភាពចរាចរណ៍លើដងវិថី និងដើម្បីការពារផ្លូវថ្នល់កុំឱ្យឆាប់ខូច៕