ក្រុមប្រទេស G20 ជំរុញឱ្យមានការផ្ដល់វ៉ាក់សាំងកូវីដ-១៩ បន្ថែម ដល់បណ្ដាប្រទេសក្រីក្រ

(រ៉ូម)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ ២០២១ បានអោយដឹងថា ក្រុមប្រទេសអ្នកមានទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃចន្ទសប្ដាហ៍ នេះបាននិយាយថា ខ្លួនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយប្រទេសក្រីក្រ ក្នុងការចាក់វ៉ាក់ សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនរបស់ពួកគេ។

អ៊ីតាលី ដែលកំពុងកាន់តំណែងជាប្រធាន ក្រុមប្រទេស G20 ក្នុងឆ្នាំ២០២១នេះ បាននិយាយថាកិច្ចប្រជុំដែលត្រូវបានធ្វើឡើង កាលពីថ្ងៃ អាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងនយោបាយ ដើម្បីបង្កើនការគាំទ្រ ដល់ប្រទេសក្រីក្រ និងបញ្ជូនវ៉ាក់សាំងបន្ថែមទៀតដល់ពួកគេផងដែរ។

រដ្ឋមន្រ្តីសុខាភិបាលអ៊ីតាលី លោក រ៉ូប៊ឺតូ ស្ពេរ៉ាន់ហ្សា (Roberto Speranza) បានគូសបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា «កម្រិតវិសមភាពវ៉ាក់សាំង គឺខ្ពស់ពេកហើយ មិនមាននិរន្តរភាព។

ប្រសិនបើយើងទុកចោលនូវផ្នែកមួយចំនួននៃពិភពលោកដោយគ្មានវ៉ាក់សាំង យើងប្រថុយនឹង ការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ហើយ ដែលវានឹងធ្វើឱ្យយើងទាំងអស់គ្នាពិបាក.. សាររបស់យើងច្បាស់ណាស់ គឺចង់មានន័យថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងទេ»។

លោក Roberto Speranza បានបន្ថែមថា «ប្រទេសដែលខ្លាំងបំផុត…បានប្តេជ្ញាវិនិយោគធនធាន សំខាន់ៗ និងបញ្ជូនវ៉ាក់សាំងទៅដោយផុយស្រួយបំផុត។ យើងគួរតែ ពង្រឹងប្រព័ន្ធនេះទ្វេភាគី និងតាមរយៈយន្តការអន្តរជាតិដែលចាប់ផ្តើមពីយន្តការ COVAX»។

ទោះយ៉ាងណាក៏ដោយ សេចក្តីប្រកាសដែលមាន ១១ទំព័រដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ មិនបានផ្តល់កិច្ចសន្យាផ្នែកហិរញ្ញវត្ថុថ្មីទេ ប៉ុន្តែលោក Roberto Speranza បានអះអាងថា ទាំងនេះ អាចត្រូវបានផ្តល់ជូននៅក្នុងកិច្ចប្រជុំរួមគ្នាមួយនៃរដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 នៅខែតុលាខាងមុខនេះ៕