(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្ស នយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។
សេចក្តីជូនដំណឹងដែលទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះបានឱ្យដឹងថា បានជូន ដំណឹងដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ ដូចខាងក្រោម៖
ទី១៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
* សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូ ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេត ការណ៍របស់ខ្លួន នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ ម៉ោង១១៖៣០នាទី និងរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖៣០នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាចទាញ យកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
* អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួល ប័ណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិ ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងរាជធានី ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានី ខេត្តនោះ។
ទី២៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើម ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
* អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យ សុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នក សង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ១១៖៣០នាទី និងរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖៣០នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាច ទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
* អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូល ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី៣៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
* ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង នៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិ ជាលាយលក្ខណ៍អក្សរពីប្រធានគណបក្ស នយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរ សិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។
* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ចាប់ផ្តើម ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
* គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយ មានសិទ្ធិ ចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួន តាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យ ចុះឈ្មោះ បោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។
* គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ គណបក្សនយោបាយ អាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការ ដាក់ពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួនបាន។
* គណបក្សនយោបាយ អាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
ជាមួយគ្នានេះ គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម អង្គការមិនមែនរដ្ឋាភិ បាលជាតិ អន្តរជាតិ គណបក្សនយោបាយ កបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ៕