ការបាត់បង់ទីផ្សារព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ គឺជាទុក្ខលំបាកមួយទៅហើយសម្រាប់ប្រជា កសិករប្រកបរបរចិញ្ចឹមមាន់ តែពេលនេះទុក្ខធំមួយទៀត បានចូលមកបង្កើនទម្ងន់កង្វល់ និងការលំ បាកសម្រាប់ពួកគេ គឺការនាំចូលមាន់ពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។
ការនាំចូលមាន់ពីវៀតណាម ក្លាយទៅជាហេតុដ៏ធំនាំឱ្យអ្នកចិញ្ចឹមមាន់ឈានទៅរកការដួលរលំ ហើយបង្ខំចិត្តបិទរោងចិញ្ចឹមមាន់របស់ពួកគេ ដែលវិនិយោគអស់រាប់ម៉ឺនដុល្លារ។
ការរអ៊ូរទាំពីផលលំបាកនៃការចិញ្ចឹមមាន់ព្រោះតែវិបត្តិជំងឺកូវីដ១៩ និងការនាំចូលយ៉ាងគំហុកពី ប្រទេសវៀតណាម បានធ្លាក់មកជាបន្តបន្ទាប់ពីមាត់របស់អ្នកចិញ្ចឹមមាន់។
ពាក់ព័ន្ធនឹងបញ្ហាមាន់នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាង ថា អ្នកចិញ្ចឹមមាន់នៅកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមទៅផ្គត់ផ្គង់លើទីផ្សារ ដោយមិន បាច់នាំចូលនោះឡើយ។ លោក ស្រ៊ុន ពៅ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះក្រសួងកសិកម្មមិនមាន គោលការណ៍ឱ្យនាំមាន់ចូលច្រើនពីប្រទេសជិតខាងនោះឡើយ គឺឱ្យនាំចូលបង្គ្រប់ទីផ្សារត្រឹម ប្រមាណ ១ពាន់ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។
ក៏ប៉ុន្តែឈ្មួញខិលខូចឆ្លៀតឱកាសរកការចំណេញចំពេលមាន់វៀតណាមចាល់ទីផ្សារខ្លាំងព្រោះជំងឺកូវីដ១៩ ហើយតម្លៃធ្លាក់ថ្លៃខ្លាំងនោះ បានលួចនាំចូលមាន់យ៉ាងគំហុកមកកាន់ទីផ្សាររបស់កម្ពុជា។ ជាពិសេសនៅតាមច្រកព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ និងព្រៃវែង។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្ន មាន់នាំចូលពីវៀតណាម មានចំនួនរាប់ម៉ឺនក្បាលក្នុងមួយថ្ងៃ។
ប្រជាកសិករកម្ពុជាបានដាក់ទុនច្រើនណាស់ដើម្បីវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមមាន់។ ការបណ្តោយឱ្យរបរចិញ្ចឹមមាន់ត្រូវដួលរលំព្រោះវិបត្តិកូវីដ១៩ ឬការនាំចូលមាន់ពីប្រទេស ជិតខាង ដោយគ្មានវិធានការទប់ស្កាត់ គឺជាគ្រោះថ្នាក់មួយធំសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្គត់ ផ្គង់មាន់ឡើងវិញ នៅពេលស្ថានភាពស្រុកទេសត្រឡប់មកប្រក្រតីវិញ ព្រោះតែហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចឹមត្រូវខូចខាត ហើយកសិករអាចនឿយណាយចិត្តក្នុងការចិញ្ចឹមបន្ត។
ទាំងខាងសមាគមចិញ្ចឹមសត្វនៅកម្ពុជា ក៏ដូចជាកសិករចិញ្ចឹមផ្ទាល់ បានរួមគ្នាជាសំឡេងតែមួយ ទទូចដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសទប់ស្កាត់ការលួចនាំមាន់ចូលពីប្រទេសវៀតណាមនៅតាមច្រកក្នុងខេត្តត្បូងឃ្មុំ និងព្រៃ វែង ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់។
លោក ស្រ៊ុន ពៅ បានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថា ប័នតាមព្រំដែន គឺជួយទប់ស្កាត់ឱ្យខានតែបាន។
វាមានប៉ះពាល់ច្រើនណាស់ ទី១ ប៉ះពាល់កសិករអ្នក ចិញ្ចឹម ទី២ ប៉ះពាល់ដល់ជំងឺ ទី៣ ប៉ះពាល់ដល់អ្នកហូបទៀត។ ត្រង់ហ្នឹងហើយខ្ញុំសូមអំពាវនាវដាច់ខាត បងប្អូននៅតាមច្រកព្រំដែនមេត្តា ជួយកសិករយើង ដើម្បីឱ្យ គាត់ចិញ្ចឹម ឱ្យគាត់រស់បន្តទៀត សូមមេត្តាជួយ»៕