តាកែវ: ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូល រួមពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១មន្រ្តីជំនាញអគ្គនាយក ដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប.ខេត្តតាកែវ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។
មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ បានអោយដឹងថា បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបាន រកឃើញសារធាតុមេតាណុល ចំនួន២៣០ប៊ីដុង ស្មើនឹង ៦.៩០០លីត្រ ដែលត្រូវបានស្តុកទុកដោយ គ្មានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធ។ វត្ថុតាងទាំងអស់ត្រូវបានដកហូតមករក្សាទុក ដើម្បីអនុវត្ត នីតិវិធី។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចាប់ឃាត់ទុកសារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១.៤២០លីត្រ នៅលើ កំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ខណៈដែលកំពុងត្រូវបាន ដឹកជញ្ជូនពីព្រំដែន វៀតណាមក្នុងបំណងយកមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា៕