ទីក្រុងហូជីមិញបន្តការបិទខ្ទប់រហូតពាក់កណ្តាលខែកញ្ញាតែបន្ធូរបន្ថយខ្លះ

ហូជីមិញ(vnexpress)៖ ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញបានប្រកាសកាលពីថ្ងៃចន្ទថា ចាប់ពីឥឡូវដល់ថ្ងៃ១៥កញ្ញា ទីក្រុងអាជ្ញាធរក្រុងនឹងអនុញ្ញាតអោយ«តំបន់បៃតង»ដែលមានការប្រឈមទាបបើកដំណើរការសេវាវេចខ្ចប់អាហារនិងភេសជ្ជៈចេញពីហាងបានខ្លះ ហើយបន្ទាប់ពីថ្ងៃ១៥កញ្ញាប្រសិនបើស្ថានការណ៍ល្អប្រសើរឡើង នោះទីក្រុងនឹងដំណើរការសកម្មភាពជាច្រើនឡើងវិញនៅក្នុងតំបន់សុវត្ថិភាពមួយ។

សកម្មភាពទាំងនេះរួមមាន ពាណិជ្ជកម្មតាមអេឡិចត្រូនិច ឡូជីស្ទិច ការផលិតគ្រឿងបរិក្ខាពេទ្យ ផលិតកម្មស្បៀង ស្ថានីយហ្គាស ការដ្ឋានសំណង់ ការផ្គត់ផ្គង់សម្ភារសំណង់និងដទៃទៀត។ឧស្សាហកម្មដែលអាចត្រូវបានគ្រប់គ្រងនិងដំណើរការដោយសុវត្ថិភាពនឹងត្រូវផ្តល់អាទិភាពសំរាប់ការបើកដំណើរការឡើងវិញបណ្តើរៗ។

លោកផាន វ៉ាន់ ម៉ាយ បានបន្ថែមថា ទីក្រុងនឹងបើកតំបន់មួយចំនួនជាបណ្តើរៗ ផ្អែកលើសុវត្ថិភាពនិងការធានាសុខភាពរបស់ប្រជាជននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

រដ្ឋាភិបាលកណ្តាលចង់អោយទីក្រុងហូជីមិញ ដែលកំពុងបិទខ្ទប់ខ្លាំងគ្រប់គ្រងជំងឺឆ្លងកូវីដ១៩អោយបានយ៉ាងយូរត្រឹមថ្ងៃ១៥កញ្ញា។គិតត្រឹមថ្ងៃចន្ទ មនុស្ស៦,៣លាននាក់នៅក្នុងទីក្រុងនេះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដូសទី១ និងប្រមាណ៥០០.០០០បានចាក់២ដូសរួចរាល់។

វៀតណាមកាលពីថ្ងៃចន្ទទី៦កញ្ញាបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១២.៤៧៧នាក់ទៀតនៅ៣៩ទីតាំង ក្នុងនេះទីក្រុងហូជីមិញនាំមុខគេគឺមានអ្នកឆ្លង៧.១២២នាក់។អ្នកជំងឺ៣៣១នាក់ទៀតក៏បានស្លាប់កាលពីថ្ងៃចន្ទ ដែលធ្វើអោយចំនួនស្លាប់ដោយកូវីដ១៩សរុបនៅក្នុងប្រទេសនេះឡើងដល់១៣.៣៨៥នាក់ ៕