រដ្ឋមន្ត្រី ថោង ខុនបានអោយដឹងថា សប្តាហ៍ទី១ នៃខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៥ម៉ឺននាក់

(ភ្នំពេញ)៖ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបាន ភ្ញៀវទេសចរប្រមាណជាង ៥១,០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤ នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុង ៩០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបាន ថ្លែងប្រាប់ មាននាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពត៖ ២៣,៧៨៧ នាក់

* ខេត្តកែប៖ ៤,៩៥៥ នាក់

* រាជធានីភ្នំពេញ៖ ៤,១៩០ នាក់

* ខេត្តសៀមរាប៖ ៤,០៤៣ នាក់

* ខេត្តតាកែវ៖ ៣,៧០២ នាក់។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជា បណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួន ភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។

ឯកឧត្តមថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឲ្យមានការដំណើរការឡើងវិញសកម្មភាព ទេស ចរណ៍ នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយ ភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍ នានានៅឡើយ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តវិធានសុវត្ថិ ភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេស ចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញចលនាទេស ចរណ៍ក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាពរមណីយដ្ឋាន និងគោល ដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេសដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេស ចរអន្តរជាតិឡើងវិញនៅពេលខាងមុខផងដែរ៕