(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដោយជំរុញឲ្យគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវយកចិត្ត ទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល។
នេះបើយោងតាមសេចក្ដីណែនាំ ដែល ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។
ក្រសួងធម្មការបានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូន ជនរួមជាតិ ដែលបានលាចាកលោកនេះទៅ កាន់លោកខាងមុខ។
ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្ដាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែល រស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំ ថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
ដោយឡែកសម្រាប់សម្រាប់ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លាមានលក្ខណៈពិសេសនៅ ក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់តែ២៩ថ្ងៃ ដោយវត្តមួយ ទទួលបានតែអង្គកឋិនមួយជាទានមានផលានិសង្សខ្ពស់ ទាំងទាយកទាយិកា និងទាំងបដិគាហក ទីជ្រះថ្លានឹងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរៈយកឋិនទានវត្តនីមួយៗ ក៏មានលទ្ធភាពអាចនឹងទទួលបាននូវសម្ភារៈ ថវិកាសម្រាប់បម្រើការ កសាងទីសេនាសនៈនៅក្នុងវត្តមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធ ផលសង្គម និងវិស័យសង្គមកិច្ចផងថែមទៀត។
ឆ្នាំនេះកឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន ឱ្យដំណើការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានា របស់រាជរដ្ឋាភិបាលក្រសួង សុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំ បាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលជាជំងឺឆ្លងកាចសាហារ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រសួងធម្មការ និងសាសនា សូមធ្វើ ការណែនាំដូចតទៅ៖
១៖ គ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន់រៀបចំបង្សកូលឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្រប តាមប្រពៃណី ព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការ វាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាត សុវត្ថិភាពសង្គម-បុគ្គល ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
២៖ គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីដ្ឋានស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែល បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា ៕