ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចាក់ដូសទី៣ សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុ ចាប់ពី៦០ឆ្នាំឡើង ដែលចាក់ AstraZeneca

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចាក់ វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋ បាលរាជធា នីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជ ធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគកូវីដបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មតាមបណ្តា ទីក្រុងនានានៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចដាក់ចេញបន្ថែមនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់ សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុង សហគមន៍ ឱ្យបានជាអតិបរមា»។

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន៖

*ទី១៖ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

*ទី២៖ បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក

*ទី៣៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូស ទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបាន វ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែល អញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបាន ជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន៕