(ឡុងដ៍)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថា ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយ លើប្រទេសមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុនដ៏សំខាន់ មួយ ដែលជាប្រភពផ្គង់ផ្គង់អាវុធ និងហិរញ្ញវត្ថុដល់របបយោធាមីយ៉ាន់ម៉ា។
បើតាមក្រសួងការបរទេសអង់គ្លេស ទណ្ឌកម្មខាងលើគឺមានគោលដៅ បង្កកទ្រព្យសម្បត្តិរបស់ក្រុម ហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ា ហាធូ (Htoo Group of Companies) និងស្ថាបនិកក្រុមហ៊ុនមួយនេះគឺលោក ថាយ ហ្សា (Tay Za) ដែលត្រូវបានទីក្រុងឡុងដ៍ជឿជាក់ថា មានជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ទិញអាវុធ ឱ្យរបបយោធាមីយ៉ាន់ម៉ា ព្រមទាំងផ្ដល់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការបោសសម្អាត ជនជាតិ ដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧។
គួរបញ្ជាក់តាមក្រសួងការបរទេសអង់គ្លេសថា ទីក្រុងឡុងដ៍នឹងបន្តធ្វើការជាមួយប្រទេសដៃគូ ដើម្បីរឹតត្បិតលំហូរហិរញ្ញវត្ថុទៅកាន់របបយោធាមីយ៉ាន់ម៉ា ក៏ដូចជាអ្នកដែលគាំទ្ររបប មួយនេះ ផងដែរ៕