អង្គការសហប្រជាជាតិ: អាហ្វហ្កានីស្ថានត្រូវការជំនួយ រាប់រយលានដុល្លារជាចាំបាច់ ខណៈប្រជាជន រាប់លាននាក់ អាចនឹងជួបគ្រោះអត់ឃ្លាន

(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនកំពុងជួបការលំបាក ក្នុងការ ប្រកបរបរចិញ្ចឹមគ្រួសាររបស់ពួកគេ ចំពេលមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ នៅមុនពេលក្រុមសកម្ម ប្រយុទ្ធតាលីបង់ បានឡើងកាន់កាប់អំណាចកាលពីខែមុនមកម្ល៉េះ ហើយឥឡូវនេះប្រជាជនរាប់ លាននាក់ អាចប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏កំពុងធ្លាក់ចុះ ជាលំដាប់ផងដែរ។

លោកស្រី ម៉ារី អ៊ែលលែន ម៉ាក្រូធី (Mary-Ellen McGroarty) នាយកទទួលបន្ទុករៀបចំកម្ម វិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters តាមរយៈខ្សែវីឌីអូពីទីក្រុងកាប៊ុល (Kabul) ថា «ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ វាគ្មានសំណាញ់សុវត្ថិភាពជាតិនោះទេ… ចាប់តាំងពីថ្ងៃទី១៥ ខែសីហា (នៅពេលដែលក្រុមតាលីបង់ បានឡើងកាន់កាប់អំណាច) យើងបានឃើញវិបត្តិនានា កើនឡើង ជាមួយនិងដំណើរទៅរកការដួលរលំនៃសេដ្ឋកិច្ច ដែលនឹងមកដល់សម្រាប់ប្រទេសនេះ»។

លោកស្រី Mary-Ellen McGroarty បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ស្ថានភាពដែលយើងកំពុង លាតត្រដាងនៅពេលនេះ ពិតជាគួរឱ្យរន្ធត់ ហើយវាអាចក្លាយជាគ្រោះមហន្តរាយមនុស្សធម៌»។

ដោយឡែក បើតាមអង្គការស្បៀងអាហារពិភពលោក (WFP) តម្លៃស្បៀងអាហារបានកើនឡើង ចាប់តាំងពីគ្រោះរាំងស្ងួតលើកទី ២ ក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយ ដែលបានបំផ្លាញដំណាំ ស្រូវសាលីប្រហែល ៤០ភាគរយ។

សូមបញ្ជាក់ថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ អាចប្រឈមមុខនឹងភាពអត់ឃ្លានភ្លាមៗ ដោយសារតែបញ្ហាធំៗជាច្រើនកើតឡើងព្រមៗគ្នា នោះគឺជម្លោះប្រដាប់អាវុធ គ្រោះរាំងស្ងួត និងជំងឺឆ្លងរាតត្បាត COVID-19។ អង្គការ WFP បានអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០ លានដុល្លារអាមេរិក ជាមួយនិងការព្រមានថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់អង្គការនេះ នឹងត្រូវ ឈានដល់ទីបញ្ចប់នៅត្រឹមខែតុលា ឆ្នាំ២០២១ ស្របពេលរដូវរងានឹងឈានចូលមកដល់ នៅ ប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាបយ៉ឺន៕