ក្រុមតាលីបង់នឹងប្រកាសបង្កើតរដ្ឋាភិបាលថ្មី នៅល្ងាចថ្ងៃសុក្រនេះ (ម៉ោងនៅកាប៊ុល) ខណៈអន្តរជាតិ កំពុងសម្លឹងមើលមិនដាក់ភ្នែក

(កាប៊ុល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា ក្រុមតាលីបង់ត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការបង្កើតរដ្ឋាភិ បាលថ្មីរបស់ខ្លួន នៅថ្ងៃសុក្រនេះ ខណៈអន្តរជាតិកំពុងរង់ចាំមើលថា តើរបបថ្មីនេះអាចនឹងគោរព តាមពាក្យសន្យារបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថានដែរ ឬក៏យ៉ាងណា។

ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីតាលីបង់ពីររូប បានឱ្យដឹងទៀតថា ការប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីនេះអាចនឹងធ្វើឡើង នៅក្រោយការថ្វាយ បង្គំថ្ងៃសុក្រ ពេលរសៀលរួច (ម៉ោងនៅទីក្រុងកាប៊ុល)។

ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថានកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមក មិនទាន់មានប្រទេសណាមួយប្រកាសទទួលស្គាល់ ក្រុមតាលីបង់នៅឡើយទេ។ ប៉ុន្តែព្រមពេលជាមួយគ្នា បណ្ដាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកបានបញ្ជាក់ថា អាចនឹងធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលតាលីបង់ ប្រសិនបើការសន្យាគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិស្រី្តត្រូវបានអនុវត្ត។

សូមជម្រាបថា ទោះបីជាការប្រកាសផ្លូវការនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃសុក្រនេះមែន ប៉ុន្តែសមាជិក មួយរូបនៃក្រុមតាលីបង់ បានបង្ហើបកាលពីថ្ងៃទី០១ ខែកញ្ញាថា លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ ៦០ឆ្នាំ នឹងក្លាយជាមេដឹកនាំនៃរដ្ឋា ភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាបង្កើតរដ្ឋាបាលថ្មី ឈានចូលដល់ទីបញ្ចប់។

នៅថ្ងៃដដែលនោះ សារព័ត៌មានក្នុងស្រុកនៅអាហ្វហ្គានីស្ថាន ក៏បានចុះផ្សាយផងដែរថា លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) មេដឹកនាំកំពូលទី ២ នៃក្រុមតាលីបង់ នឹងឡើងជារដ្ឋមន្ត្រីការបរទេស ខណៈលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់មេដឹកនាំដំបូង នៃក្រុមតាលីបង់ នឹងឡើងធ្វើជារដ្ឋមន្ត្រីការ ពារជាតិ។ ដោយឡែកលោក ខាលីហ្វា ហាកខានី (Khalifa Haqqani) ដែលត្រូវជាកូនប្រុសមេ ដឹកនាំម្នាក់ទៀតរបស់តាលីបង់ គឺលោក ហ្សេឡាលូដឌីន ហាកខានី (Jelaluddin Haqqani) នឹងឡើងធ្វើជារដ្ឋមន្ត្រីមហាផ្ទៃ៕