លោកបៃដិននិយាយថា ព្យុះអាយដានិងភ្លើងព្រៃបង្ហាញថា “វិបត្តិអាកាសធាតុ” បានមកដល់ហើយ

ប្រធានាធិបតីចូ បៃដិនកាលពីថ្ងៃព្រហស្បតិ៍ទី២កញ្ញាបានសន្យាផ្តល់ជំនួយសហព័ន្ធដ៏រឹងមាំសម្រាប់រដ្ឋនៅភាគឦសាននិងតំបន់ឈូងសមុទ្រដែលរងការវាយប្រហារដោយព្យុះសង្ឃរាអាយដា និងសម្រាប់បណ្តារដ្ឋនៅភាគខាងលិចដែលរងគ្រោះដោយភ្លើងឆេះព្រៃ ដែលជាការដាស់តឿនថា “វិបត្តិអាកាសធាតុ” បានមកដល់ហើយ។

លោកបៃដិនបាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា “ព្យុះធ្ងន់ធ្ងរទាំងនេះនិងវិបត្តិអាកាសធាតុគឺកំពុងនៅទីនេះ។ យើងត្រូវតែត្រៀមខ្លួនឱ្យបានល្អជាងមុន។យើងត្រូវតែធ្វើសកម្មភាព”។

លោកប្រធានាធិបតីបាននិយាយថា លោកនឹងជំរុញឱ្យសភាអនុម័តច្បាប់ហេដ្ឋារចនាសម្ព័ន្ធតម្លៃជិត ១ ទ្រីលានដុល្លាររបស់លោកដើម្បីកែលម្អផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី និងប្រព័ន្ធលូ។ សំណើនេះមានបំណងធានាថាបណ្តាញសំខាន់ៗដែលតភ្ជាប់ទីក្រុងនិងរដ្ឋនិងប្រទេសទាំងមូលអាចទប់ទល់នឹងទឹកជំនន់ខ្យល់ព្យុះនិងការខូចខាតដែលបណ្តាលមកពីអាកាសធាតុកាន់តែគ្រោះថ្នាក់ខ្លាំងឡើង។

លោកបៃដិនបានសង្កត់ធ្ងន់ថាបញ្ហាប្រឈមគឺធំធេងជាងនយោបាយបែកបាក់របស់ជាតិមួយនេះ ដោយសារតែការគំរាមកំហែងពីព្យុះនិងភ្លើងព្រៃ។

លោកប្រធានាធិបតីបាននិយាយថា “វាជាបញ្ហាស្លាប់រស់ ហើយយើងទាំងអស់គ្នាកំពុងស្ថិតក្នុងបញ្ហានេះជាមួយគ្នា”។

អ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជាព្យុះត្រូពិកធំៗ គ្រោះរាំងស្ងួតនិងរលកកម្តៅដែលបង្កើតលក្ខខណ្ឌសម្រាប់ភ្លើងឆេះព្រៃធំៗ។ មន្ត្រីអាកាសធាតុអាម៉េរិកនាពេលថ្មីៗនេះបានរាយការណ៍ថា ខែកក្កដាឆ្នាំ ២០២១ គឺជាខែក្តៅបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៤២ ឆ្នាំនៃការកត់ត្រាអាកាសធាតុ៕