(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ប្រមាណពីរលានដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែក គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវីធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។
មកដល់ពេលនេះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ចិន។
តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជា បានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជា ក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ។
កម្ពុជា បានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានលឿន។
មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលបានកោតសរសើរលើចំណាត់ការរបស់រាជរដ្ឋាភិបាលលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ អង្គារសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា សុទ្ធតែបានកោតសរសើរលើលទ្ធផលកម្ពុជាសម្រេចបាន៕