(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្ម ទាំងអស់ ទទួលបន្ទុក និងរ៉ាប់រងលើការចំណាយចាក់វ៉ាក់សាំងដល់កម្មករ និយោជិត ក៏ដូចជាបុគ្គ លិកបម្រើការងារនៅក្នុងសហគ្រាសរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា នេះ បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនអង្គការពារប្រឆាំងនឹងមេរោគ កូវីដ១៩។ ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺធ្វើឡើងដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ។
ក៏ប៉ុន្តែដើម្បីជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល ដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ទទួល បន្ទុក និងរ៉ាប់រងលើការចំណាយក្នុងការចាក់វ៉ាក់សាំងដល់កម្មករ និយោជិត និងបុគ្គលិកនៅ សហគ្រាសរបស់ខ្លួន។
ក្នុងគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ រាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ ការចាក់វ៉ាក់សាំងដូសជំរុញនេះ ដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូល រួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន»។
បើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានយន្តការ ដើម្បីសម្របសម្រួលជាមួយ វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់ អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួន ទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់ សាំងកូវីដ-១៩ និងផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។
ក្រៅតែពីរោងចក្រ សហគ្រាស និងអាជីវកម្មហើយនោះ រដ្ឋាភិបាល ក៏បានលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ គោលនយោបាយស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ ពី១២ឆ្នាំឡើងទៅ។
ការចាក់ចាក់ដូសជំរុញនេះ ដើម្បីបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខ នៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែល តា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ការចាក់ដូសជំរុញនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩៕