ស៊ីដនី៖ ការឆ្លងកូវីដ១៩នៅទីក្រុងស៊ីដនីរបស់អូស្ត្រាលី កាលពីថ្ងៃពុធបានកើនដល់កំរិតខ្ពស់មិនដែលមានពីមុន ដោយដាក់ផ្នែកខ្លះនៃប្រព័ន្ធសុខាភិបាលនៅក្រោមសម្ពាធខ្លាំង ខណៈមានការអំពាវនាវអោយបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីជួយបន្ថយអត្រាអ្នកចូលសម្រាកនៅមន្ទីរពេទ្យ។
ទោះជាបិទខ្ទប់អស់២ខែមកហើយ នៅថ្ងៃនេះរដ្ឋញូវសោតវេលស៍ ដែលមានក្រុងស៊ីដនីនៅក្នុងវាបានរាយការណ៍អ្នកឆ្លង៩១៩នាក់ ចំពេលការចម្លងវីរុសប្រភេទDeltaកំពុងកើនឡើង។
សរុបអ្នកជំងឺ១១៣នាក់កំពុងស្ថិតនៅក្នុងបន្ទប់ព្យាបាលដិតដល់ ក្នុងនេះ៩៨នាក់ជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង។
អូស្ត្រាលីដែលកំពុងជួបការផ្ទុះកូវីដ១៩រលកទី៣ បានរឹតត្បិតសកម្មភាពនៃប្រជាជន២៥លាននាក់របស់ខ្លួន ដោយបិទខ្ទប់ទីក្រុងធំបំផុតស៊ីដនី និងមែលប៊ឹន ។
នៅក្នុងរដ្ឋវិចធឺរៀ ការឆ្លងបានធ្លាក់ចុះដល់ថ្ងៃទី២ជាប់គ្នា ដោយការឆ្លងថ្មីមានចំនួន៤៥នាក់នៅថ្ងៃពុធនេះ ដោយចុះពី៥០នាក់កាលពីមួយថ្ងៃមុន។
ទោះជាកំពុងជួបការចម្លងវីរុសប្រភេទDelta ក៏អូស្ត្រាលីមានអ្នកឆ្លងសរុបទាបធៀបនឹងប្រទេសផ្សេង ដោយអ្នកឆ្លងសរុបមានជាង៤៦.៦០០នាក់និង៩៨៦នាក់ស្លាប់៕