ឥណ្ឌាបានប្រកាសពីគម្រោងជួលទ្រព្យសម្បត្តិរដ្ឋឱ្យទៅវិស័យឯកជនក្នុងគោលបំណងកៀរគរថវិកាឱ្យបានចំនួន ៦ ទ្រីលានរូពី (៨១ ពាន់លានដុល្លារ) ដើម្បីជួសជុលហិរញ្ញវត្ថុសាធារណៈដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនិងផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ពន្ធថ្មីៗ។
ប្រទេសសេដ្ឋកិច្ចធំទីបីរបស់អាស៊ីនេះនៅតែងើបមិនទាន់រួចពីការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងដែលបានដាក់ចេញដើម្បីទប់ស្កាត់វីរុសកូរ៉ូណាដោយបង្កើតឱ្យមានឱនភាពថវិកាយ៉ាងខ្លាំងនិងរុញមនុស្សរាប់លាននាក់ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។
ក្រុមហ៊ុនឯកជននឹងអាចជួលរយៈពេលវែងនូវផ្លូវថ្នល់ប្រវែង ២៦.០០០ គីឡូម៉ែត្រ បណ្តាញបញ្ជូនថាមពល ទីតាំងវារីអគ្គិសនីនិងថាមពលព្រះអាទិត្យ បណ្តាញទូរស័ព្ទ និងអង់តែនទូរគមនាគមន៍ជិត ១៥.០០០ ក្រោមផែនការដែលបានប្រកាសកាលពីថ្ងៃចន្ទ។
យោងតាមផែនការរយៈពេល ៤ ឆ្នាំដែលមានឈ្មោះថា “បំពង់បង្ហូរថវិកាជាតិ” ទ្រព្យសម្បត្តិរដ្ឋដែលអាចជួលបានផ្សេងទៀតគឺបំពង់បង្ហូរឧស្ម័នធម្មជាតិប្រមាណ ៨.០០០ គីឡូម៉ែត្រ ស្ថានីយរថភ្លើង១៥កន្លែង ខ្សែផ្លូវដែក អាកាសយានដ្ឋាន២៥កន្លែង និងពហុកីឡាដ្ឋានមួយចំនួន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី នៀម៉ាឡា ស៊ីថារ៉ាម៉ាន់ បាននិយាយថា “កម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងនោះនៅតែជារបស់រដ្ឋាភិបាល ហើយគួរតែប្រគល់ជូនរដ្ឋវិញតាមពេលកំណត់”។
លោកស្រីបាននិយាយថា “ដូច្នេះតាមរយៈការចូលរួមដោយឯកជននៅក្នុងរឿងនេះអ្នកនឹងអាចរកប្រាក់បានកាន់តែប្រសើរនិងធានាការវិនិយោគបន្ថែមទៀតទៅលើការសាងសង់ហេដ្ឋារចនាសម្ពន្ធ”។
ដំណើរការជួលនេះនឹងជួយបំពេញផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលដែលហោចទៅៗដោយសារវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ឥណ្ឌាចាប់តាំងពីទទួលបានឯករាជ្យ ដែលបង្កដោយជំងឺរាតត្បាត និង ជួយផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
ក្រុមប្រឆាំងរបស់ឥណ្ឌាបានវាយប្រហារលើផែនការនេះ ដោយប្រធានគណបក្សសមាជលោករ៉ាហ៊ុល គន្ធី បាននិយាយថា “ទ្រព្យសម្បត្តិរដ្ឋដែលបង្កើតឡើងក្នុងរយៈពេលជាង ៧ទសវត្សរ៍ត្រូវបានប្រគល់ឱ្យទៅជនខិលខូច”។
លោកបាននិយាយថា “អនាគតរបស់ឥណ្ឌាកំពុងត្រូវបានលក់ដូរ”៕