ថៃ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៦១លានដូស ក្នុងឆ្នាំ២០២១នេះ

(បាងកក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ គឺបានអោយដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់ បាននិយាយថាប្រទេសថៃនឹងទទួល បានវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ចំនួន ៦១លាន ដូសនៅក្នុងឆ្នាំ២០២១នេះខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងប្រញាប់ប្រញាលចាក់វ៉ាក់សាំង ជូនប្រជាជនខ្លួនដោយរំពឹងថាអាចនឹងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ឆាប់ៗនេះ។

ការប្រកាសពីព័ត៌មានខាងលើរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានូឆា ប៊ូរ៉ាប៉ាឆាំស្រ៊ី (Anucha Burapachaisri) កើតមានឡើងបន្ទាប់ពីនាយរដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជួបពិភាក្សា ការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot កាលពីពេលថ្មីៗនេះ និងក្រោយពីមន្ត្រីសុខាភិបាលថៃកាលពីខែមុន បានអះអាងថាវ៉ាក់សាំង AstraZeneca នឹងត្រូវ ប្រគល់តាមការបញ្ជាទិញរបស់ថៃ នៅខែមីនា ឆ្នាំ២០២២ខាងមុខឯណោះ។

គួរបញ្ជាក់ថា បើតាមលោក Burapachaisri បូកបញ្ចូលវ៉ាក់សាំង AstraZeneca ខាងលើ នឹងនាំឱ្យការផ្គង់ផ្គត់វ៉ាក់សាំងសរុបរបស់ថៃសម្រាប់ ២០២១នេះ កើនឡើងលើស ១២០លានដូស ក្នុង នោះមានវ៉ាក់សាំង AstraZeneca ចំនួន ៦១លានដូស រួមទាំងវ៉ាក់សាំងចិន Sinovac ៣០លាន ដូស និងវ៉ាក់សាំងអាមេរិក Pfizer-BioNTech ចំនួន ៣០លានដូស ហើយថៃក៏មានគម្រោងទិញ វ៉ាក់សាំង AstraZeneca ៦០លានដូសបន្ថែមនៅឆ្នាំ២០២២ ផងដែរ៕