របាយការណ៍អំពីការសម្លាប់មនុស្សគោលដៅនៅក្នុងតំបន់ជាច្រើនដែលត្រូវបានផ្តួលរំលំដោយក្រុមតាលីបង់បានលេចឡើងកាលពីថ្ងៃសុក្រទី២០សីហា ដោយជំរុញឱ្យមានការភ័យខ្លាចថាពួកគេនឹងធ្វើឱ្យអាហ្វហ្គានីស្ថានវិលត្រឡប់ទៅរករបបគាបសង្កត់ ដែលពួកគេបានដាក់ចេញនៅពេលពួកគេកាន់អំណាចចុងក្រោយ បើទោះបីពួកគេបានជំរុញឱ្យអ្នកប្រណិបតន៍សាសនាអ៊ីស្លាមនិកាយស៊ុននីជំរុញសារនៃការរួបរួមគ្នានៅឯការថ្វាយបង្គំព្រះប្រចាំសប្តាហ៍ក៏ដោយ។
ដោយភ័យខ្លាចថាមេដឹកនាំថ្មីនឹងប្រព្រឹត្តអំពើរំលោភបំពាននិងអស់សង្ឃឹមចំពោះអនាគតប្រទេសរបស់ពួកគេ មនុស្សរាប់ម៉ឺននាក់បានរត់ទៅអាកាសយានដ្ឋានទីក្រុងកាប៊ុលកន្លែងដែលភាពវឹកវរនៅតែបន្តកើតមាន។ មនុស្សដែលកំពុងស្វែងរកការរត់គេចខ្លួនបានពុះពារដើម្បីឆ្លងកាត់ហ្វូងមនុស្សដ៏ណែន ច្រកត្រួតពិនិត្យអាកាសយានដ្ឋានរបស់តាលីបង់ និងការិយាធិបតេយ្យរបស់អាម៉េរិក។
រូបភាពវីដេអូបានបង្ហាញហ្វូងមនុស្សប្រមូលផ្តុំគ្នានៅក្នុងទីងងឹតនៅខាងក្រៅរបងដែកលួសរុំលើជញ្ជាំង។ ពេលខ្លះក៏មានទាហានបាញ់កាំភ្លើងរះពេញមេឃផងដែរ។
របាយការណ៍អំពីយន្តហោះចាកចេញទទេស្អាតគ្មានមនុស្សបានគូសបញ្ជាក់ថាតើវាពិតជាលំបាកប៉ុនណាដើម្បីយកមនុស្សចូលមកក្នុងអាកាសយានដ្ឋាន។ នៅក្នុងការចង្អុលបង្ហាញពីវិសាលភាពនៃភាពវឹកវរនេះ ក្រសួងការបរទេសបែលហ្ស៊ិកបានបញ្ជាក់ថាយន្តហោះមួយគ្រឿងរបស់ខ្លួនបានហោះចេញពីទីក្រុងកាប៊ុលដោយគ្មានអ្នកដំណើរសូម្បីតែម្នាក់ ព្រោះមនុស្សដែលគេសន្មតថាឡើងជិះយន្តហោះបានជាប់នៅខាងក្រៅអាកាសយានដ្ឋាន។
កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីអាម៉េរិកបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ឧទ្ធម្ភាគចក្រយោធាអាម៉េរិកបានហោះចូលទីក្រុងកាប៊ុលដើម្បីប្រមូលយកជនភៀសខ្លួនហើយប្រធានាធិបតីចូបៃដិនបានសន្យាថានឹងនាំជនជាតិអាម៉េរិកទាំងអស់មកវិញពីអាហ្វហ្គានីស្ថាននិងជនជាតិអាហ្វហ្គានីស្ថានដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមផងដែរ។
លោកបៃដិនបាននិយាយពីសេតវិមានថា “យើងនឹងនាំអ្នកមកស្រុកវិញ”៕