(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍ នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសពីបំណងតែងតាំងលោក រីឆាដ នីកូឡាស ប៊ឺនស៍ (Richard Nicholas Burns) ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។
លោក Burns គឺជាអ្នកការទូតប្រកបដោយបទពិសោធន៍ នៅអាមេរិក និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងការបរទេស ព្រមទាំងនយោបាយអន្តរជាតិ ប្រចាំ នៅសាលា ចន អ៊ែហ្វ ខិនណឺឌី (John F. Kennedy) របស់រដ្ឋាភិបាលអាមេរិកផងដែរ។
លោក Burns ធ្លាប់បានបម្រើការងារជា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក, អនុរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការនយោបាយ, ឯកអគ្គរដ្ឋទូតប្រចាំអង្គការណាតូ (NATO) និងប្រចាំប្រទេសក្រិក (Greece) និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីកិច្ចការសូវៀត និងរុស្ស៉ីផងដែរ។
បន្ថែមពីខាងលើនេះ លោក Burns បានធ្វើការជាមួយរដ្ឋាភិបាលចិន ស្តីពីបញ្ហានៅប្រទេស អាហ្វហ្គានីស្ថាន, ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់, បញ្ហានៅប្រទេសកូរ៉េខាងជើង និងបញ្ហាគោលនយោបាយអាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនាមជាអនុរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ក្រៅពីការប្រកាសតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន រដ្ឋបាលលោក ចូ បៃដិន ក៏បានប្រកាសតែងតាំងអគ្គរដ្ឋទូតអាមេរិកជាច្រើនទៀត ទៅកាន់បណ្តាប្រទេសសំខាន់ៗដូចជានៅ អឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូងជាដើម។ រាល់បេក្ខភាពឯកអគ្គរដ្ឋទូតទាំងអស់ នឹងត្រូវរង់ចាំការ ទទួលស្គាល់ពីសំណាក់ព្រឹទ្ធសភាអាមេរិកសិន៕