ឯកឧត្តម ឃួង ស្រេងបានលើកឡើងថា រហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ ជាង៤ពាន់នាក់ បានព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានជាង១ពាន់នាក់ បានជាសះស្បើយ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឱ្យដឹងថា គិតត្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៤១នាក់ បានទទួលយកការព្យាបាលនៅតាមផ្ទះ ដោយក្នុងនោះមានអ្នកជំងឺ ចំនួន១២៥៧នាក់ផងដែរ បានជាសះស្បើយ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា ពេលនេះនៅរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលកំពុងព្យាបាលនៅតាមផ្ទះចំនួន២៨៨៩នាក់ (ជាសះស្បើយជាង១ពាន់នាក់) ហើយក្នុងចំណោមអ្នកជំងឺដែលព្យាបាលតាមផ្ទះនេះ ក៏មានអ្នកជំងឺចំនួន៩៥នាក់ផងដែរ ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ឯកឧត្តម អះអាងថា អ្នកជំងឺដែលត្រូវបានបញ្ជូនពីការព្យាបាលនៅ ផ្ទះទៅព្យាបាលនៅមន្ទីរពេទ្យនេះ ពុំមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់ពួក គាត់ បានវិវត្តពីគ្មានរោគសញ្ញា ទៅជាមានរោគសញ្ញា ទើបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ បានដាក់ឱ្យអនុវត្តនូវការព្យាបាល នៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីទុកន្លែងព្យាបាលនៅតាមមន្ទីរពេទ្យ ជួយ សង្គ្រោះជីវិតរបស់អ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ។

ការដាក់ឱ្យអនុវត្តនូវការព្យាបាលនៅតាមផ្ទះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ខណៈដែលក្រសួង សុខាភិបាល ក៏គ្រោងនឹងរៀបចំនៅខេត្តសំខាន់ៗមួយចំនួនទៀត៕