យោងតាមនាយសេនាធិការកងទ័ពឥណ្ឌូនេស៊ីបានឱ្យដឹងថាកងទ័ពបានបញ្ចប់ការអនុវត្តដ៏ចម្រូងចម្រាសនៃការធ្វើតេស្តិ៍ព្រហ្មចារិយ៍លើស្ត្រីដែលដាក់ពាក្យសុំចូលបម្រើកងទ័ព ជាសកម្មភាពមួយត្រូវបានស្វាគមន៍ដោយក្រុមសកម្មជនដែលបានធ្វើយុទ្ធនាការប្រឆាំងការអនុវត្តបែបនេះជាយូរមកហើយ។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)ដែលបានធ្វើការស៊ើបអង្កេតលើការអនុវត្តបែបនេះក្នុងឆ្នាំ ២០១៤ និង ២០១៥ ហើយក្នុងឆ្នាំ២០១៧បានបន្តអំពាវនាវឡើងវិញឱ្យបញ្ចប់វា បាននិយាយថា “ការធ្វើតេស្តិ៍រុកម្រាមដៃពីរ” ដោយគ្រូពេទ្យដើម្បីពិនិត្យទៅលើស្ត្រីដែលត្រូវបានជ្រើសរើសចូលធ្វើទាហានដើម្បីឆែកមើលព្រហ្មចារិយ៍ គឺ មានលក្ខណៈជាប្រព័ន្ធ រំលោភបំពាន និងឃោរឃៅ។
យោធាពីមុនបាននិយាយថា ការធ្វើតេស្តិ៍បែបនេះមានសារៈសំខាន់ក្នុងការកំណត់ក្រមសីលធម៌របស់ទាហានស្រីថ្មីថ្មោង។ អង្គការសុខភាពពិភពលោកបាននិយាយថា”ការធ្វើតេស្តិ៍នេះមិនមានសុពលភាពខាងវិទ្យាសាស្ត្រទេ” ហើយវត្តមានព្រហ្មចារិយ៍មិនមែនជាសូចនាករដែលអាចទុកចិត្តបានថា នារីនោះមិនធ្លាប់រួមភេទពីមុននោះឡើយ។
លោក អានឌីកា ភើកាសា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី១០សីហាថា ការធ្វើតេស្តិ៍បែបនេះលែងមាននៅក្នុងជួរកងទ័ពទៀតហើយ។
លោកបាននិយាយនៅក្នុងការអធិប្បាយមួយ ដែលបញ្ជាក់ដោយអ្នកនាំពាក្យយោធាយ៉ាងដូច្នេះ “ថាតើព្រហ្មចារិយ៍បានប្រេះឬរហែកខ្លះៗឬអត់នោះ ពីមុនធ្លាប់ជាផ្នែកមួយនៃការពិនិត្យ…ឥឡូវនេះរឿងនេះលែងមានទៀតហើយ”។
ឧត្តមសេនីយ៍អានឌីកាកាលពីសប្តាហ៍មុនបាននិយាយថា ដំណើរការជ្រើសរើសកងទ័ពប្រុសនិងស្រីត្រូវតែមានភាពស្មើគ្នា។
អ្នកនាំពាក្យយោធាលោក ជូលៀស វីដចូចូណូ បាននិយាយកាលពីថ្ងៃពុធថា កងទ័ពជើងទឹកបានធ្វើតេស្តិ៍គភ៌លើបេក្ខនារី ប៉ុន្តែមិនមានការធ្វើតេស្តិ៍រកព្រហ្មចារិយ៍ទេ ដោយបន្ថែមថា “ទាំងបុរសនិងស្ត្រីឆ្លងកាត់ការធ្វើតេស្តិ៍ដូចគ្នា”៕