ប៉ូលិសថៃបង្ក្រាបការតវ៉ាប្រឆាំងដោយប្រើគ្រាប់កាំភ្លើងជ័រនិងគ្រាប់បែកផ្សែង

បាងកក៖ ប៉ូលិសថៃបានបាញ់ទឹក កាំភ្លើងគ្រាប់ជ័រនិងគ្រាប់បែកផ្សែងដាក់អ្នកប្រឆាំងតវ៉ានៅក្នុងទីក្រុងបាងកកដល់ថ្ងៃទី២ជាប់គ្នាកាលពីថ្ងៃពុធទី១១សីហា នៅពេលបាតុករជួបជុំប្រឆាំងនឹងរដ្ឋាភិបាលងការដោះស្រាយរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា ចំពោះវិបត្តិជំងឺឆ្លងកូវីដ១៩។

ពួកអ្នកប្រឆាំងតវ៉ាបានផ្គើនមិនគោរពបំរាមជួបជុំសាធារណៈ នៅពេលព្រះរាជាណាចក្រថៃព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ចំពេលមនុស្សជាង២១.០០០នាក់ទៀតត្រូវបានប្រកាសឆ្លងជំងឺនេះកាលបិថ្ងៃពុធ។ ការចាក់វ៉ាក់សាំងយឺតយ៉ាវ បូករួមទាំងការលំបាកលំបិនខាងហិរញ្ញវត្ថុបណ្តាលមកពីការរឹតបន្តឹងចរាចរណ៍មនុស្សនិងការរកស៊ី កំពុងបញ្ឆេះកំហឹងសាធារណជនចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។

បាតុករប្រមាណ១៥០នាក់បានជួបជុំនៅផ្លូវបំបែកមួយជិតវិមានជ័យជម្នះក្នុងក្រុងបាងកកកាលពីរសៀលថ្ងៃពុធក្នុងបំណងដើរទៅកាន់និវេសដ្ឋានរបស់លោកប្រាយុទ្ធតែពួកគេបានបំបែកហ្វូងភ្លាមនៅពេលប៉ូលិសរុលចូលនិងបានជួបជុំគ្នាវិញ ក្នុងល្បែងឆ្មាចាប់កណ្តុរជាមួយប៉ូលិសពេញមួយល្ងាច។ននេះ ពួកគេបានដុតរូបតំណាងចៅក្រមម្នាក់ដែលបានបដិសេធការធានាខ្លួននៅក្រៅឃុំសំរាប់អ្នកជាប់ឃុំពាក់ព័ន្ធការតវា់ប្រឆាំងកន្លងមក។

អាជ្ញាធរបានប្រើកុងតេនឺទំនិញដាក់ពាំងផ្លូវមួយឆ្ពោះទៅកាន់លំនៅរបស់លោកប្រាយុទ្ធ ជាហេតុនាំអោយមានការប៉ះទង្គិចចំពេលមានការធ្លាក់ភ្លៀងខ្លាំងនិងប៉ូលិសបានបាញ់កាំភ្លើងគ្រាប់ជ័របាញ់ទឹកនិងគ្រាប់បែកផ្សែងដាក់បាតុករ។អ្នកប្រឆាំងតវ៉ាបានតតបវិញដោយគប់វត្ថុដាក់ប៉ូលិស ហើយបានដុតរថយន្តប៉ូលិសមួយគ្រឿងផង។

ការប៉ះទង្គិចរប៉េះរប៉ោះបានបន្តរហូតដល់យប់ ហើយប៉ូលិស៨នាក់បានរងរបួសដោយភាគច្រើនបណ្តាលមកពីការគប់ផាវដាក់។អ្នកប្រឆាំងតវ៉ា១៣នាក់ក៏ត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃអង្គារក៏មានការប៉ះទង្គិចនិងប៉ូលិសបានចាប់ខ្លួនមនុស្ស៤៨នាក់ ហើយប៉ូលិស៩នាក់រងរបួស៕