តុលាការចិនមួយកាលពីថ្ងៃអង្គារបានរក្សាទុកទោសប្រហារជីវិតលើបុរសកាណាដាម្នាក់ចំពោះការជួញដូរថ្នាំញៀន នៅក្នុងករណីមួយក្នុងចំណោមបណ្តឹងមួយចំនួនដែលបានធ្វើអោយប៉ះពាល់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងអូតាវ៉ា និងក្រុងប៉េកាំង។
រ៉ូប៊ឺត ឡយ សេលឡេនប៊ឺក ដំបូងឡើយនៅឆ្នាំ២០១៨ត្រូវបានកាត់ទោសអោយជាប់គុក១៥ឆ្នាំ តែត្រូវបានដូរមកទោសប្រហារជីវិតនៅប៉ុន្មានខែក្រោយចំពេលប្រទេសទាំងពីរមានជម្លោះការទូតជុំវិញការចាប់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុន ហួរវ៉េ លោកស្រី ម៉េង វ៉ានចូវ។ការរក្សាទុកទោសប្រហារជីវិតនេះ កើតឡើងមួយសប្តាហ៍ក្រោយលោកស្រីម៉េងចាប់ផ្តើមការតស៊ូដំណាក់កាលចុងក្រោយនៅតុលាការកាណាដា ប្រឆាំងនឹងការធ្វើបត្យាប័នទៅអាម៉េរិក ក្នុងករណីមួយដែលធ្វើអោយចិនខឹងជាខ្លាំង។
សាលក្រមតុលាការមួយក៏ត្រូវរំពឹងថានឹងចេញនៅថ្ងៃពុធ ក្នុងករណីរបស់បុរសកាណាដាឈ្មោះ ម៉ៃឃើល ស្ព៉ាវ័រ ជាបុរសកាណាដាម្នាក់ក្នុងចំណោមបុរសកាណាដា២នាក់ដែលត្រូវចិនចាប់ឃុំពីបទធ្វើចារកម្ម។
ក្រុមរដ្ឋអាជ្ញានិយាយថា សេលឡេនប៊ឺក ជាសមាជិកសំខាន់ម្នាក់នៃក្រុមជួញដូរថ្នាំញៀនអន្តរជាតិមួយ ដែលនៅឆ្នាំ២០១៤បុរសនេះមានផែនការនាំថ្នាំញៀនមេតំហ្វេតាមីនជាង២០០គីឡូក្រាមទៅកាន់អូស្ត្រាលី៕