(យូអិន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការនៅមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្រ្កាណឺ ប៊ឺជែណឺ (Christine Schraner Burgener) នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា មេដឹកនាំរបបយោធានៅប្រទេសនេះ បានប្តេជ្ញា ចិត្តថា នឹងពង្រឹងការក្តាប់អំណាចរបស់ខ្លួន បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត លោក ស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) កាលពីខែកុម្ភៈកន្លងទៅនេះ ហើយគណបក្សនយោ បាយរបស់លោកស្រី អាចនឹងត្រូវរំលាយចោលក្នុងពេលឆាប់ៗ។
លោកស្រី Christine Schraner Burgener បានដកស្រង់សេចក្តីប្រកាសរបស់មេដឹកនាំរបបយោ ធានៅប្រទេសមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នៅក្នុងខែសីហានេះថា បច្ចុប្បន្ននេះលោកគឺជានាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋាភិបាលដែលទើបបង្កើតថ្មី ហើយក៏ជាការលុប ចោលជាផ្លូវការ នូវលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ដែលគណ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi បានឈ្នះនោះ ផងដែរ។
លោកស្រី Christine Schraner Burgener បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានទៀត ថា «ខ្ញុំខ្លាចថា យើងនឹងលឺដំណឹងក្នុងពេលឆាប់ៗនេះ អំពីការរំលាយគណបក្ស NLD។ នេះគឺជាការប៉ុនប៉ងលើកកម្ពស់ភាពស្របច្បាប់ ចំពោះមុខការខ្វះខាតសកម្មភាពឆ្លើយតប ពីសំណាក់ អន្តរជាតិ។
ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ថា អង្គការសហប្រជាជាតិ មិនទទួលស្គាល់រដ្ឋាភិបាល (យោធា) ដែលទើបបង្កើតថ្មីនេះទេ ដូច្នេះពេលនេះ វាអាស្រ័យលើប្រទេសជាសមាជិកនានា»។
លោកស្រី Christine Schraner Burgener បានសង្កត់ធ្ងន់ថា វាអាស្រ័យលើប្រទេសជាសមាជិក UN ក្នុងការសម្រេចចិត្តថា តើអ្នកណាគួរធ្វើជាអ្នកតំណាងឱ្យប្រទេសមីយ៉ាន់ម៉ាដែរ ឬមួយក៏អត់។ តែយ៉ាងណាប្រេសិតពិសេស UN រូបនេះបានពិពណ៌នាថា «វាជាពេលវេលាដ៏សំខាន់បំផុត។ ខ្ញុំនៅតែជឿជាក់ថា នេះគឺជារដ្ឋប្រហារដែលមិនទាន់បញ្ចប់ដោយជោគជ័យទេ។ វាជាទង្វើខុសច្បាប់ ហើយយើងនៅតែមានរដ្ឋាភិបាលស្របច្បាប់ពីគណបក្ស NLD»៕