ប្រទេសចិនសុំអោយលីទុយអានីដកតំណាងរបស់ខ្លួនចេញដោយសារជម្លោះរឿងតៃវ៉ាន់

ប៉េកាំង៖ ចិនកាលពីថ្ងៃអង្គារបានទាមទារអោយប្រទេសលីទុយអានី ដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងប៉េកាំងនិងបាននិយាយថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុង វីលនូស អោយវិលត្រឡប់មកស្រុកវិញដែរ ដោយសារតែប្រជាជាតិនៅតំបន់បាល់ទិចមួយនេះអនុញ្ញាតអោយតៃវ៉ាន់បើកស្ថានទូតនៅទីនោះ ដោយប្រើឈ្មោះរបស់អាជ្ញាធរតៃវ៉ាន់ផ្ទាល់។

សូមបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួននិងរង់ចាំតែថ្ងៃបង្រួបបង្រួមគ្នាជាមួយមហាចិនដីគោកឡើង ហើយអាចប្រើកម្លាំងផងក្នុងករណីចាំបាច់។

ចិនក៏ចាត់ទុកតៃវ៉ាន់ជាបញ្ហាទឹកដីរសើបបំផុតរបស់ខ្លួន ហើយតែងតែផ្ទុះកំហឹងចំពោះចំណាត់ការណាមួយដែលបង្ហាញថា កោះប្រជាធិបតេយ្យនេះជាប្រទេសមួយដាច់ដោយឡែកពីចិន។កាលពីខែមុនតៃវ៉ាន់បានប្រកាសបង្កើតស្ថានបេសកកម្មថ្មីនេះដោយដាក់ឈ្មោះថា ការិយាល័យតំណាងតៃវ៉ាន់នៅលីទុយអានី ។

វាជាលើកដំបូងដែលឈ្មោះកោះនេះត្រូវបានប្រើសំរាប់ការិយាល័យរបស់ខ្លួននៅអឺរ៉ុប ដែលតាមធម្មតាប្រើត្រឹមពាក្យ” តៃប៉ិះ” ប៉ុណ្ណោះ។ចិនដំបូងបានប្រកាសថ្កោលទោសការប្រកាសនេះ ហើយឥឡូវបានដើរមួយជំហានទៀតទៅមុខ ដើម្បីបង្ហាញកំហឹងរបស់ខ្លួន។

ក្រសួងការបរទេសចិនបាននិយាយថា«ការដែលលីទុយអានីអនុញ្ញាតអោយបើកការិយាល័យនេះក្រោមឈ្មោះតៃវ៉ាន់ ជាការមិនគោរពការប្រកាសតវ៉ាម្តងជាពីរដងរបស់ចិន និងមិនគិតអំពីផលវិបាក។វាធ្វើអោយខូចអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ»។

វាបានបន្ថែមថា « រដ្ឋាភិបាលចិនសម្តែងការប្រឆាំងដាច់ខាតរបស់ខ្លួនចំពោះចំណាត់ការនេះ។ចិនបានសំរេចកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅលីទុយអានីនិងទាមទារអោយលីទុយអានីហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនវិលទៅស្រុកវិញផងដែរ។យើងទទូចអោយភាគីលីទុយអានីកែតំរូវការសំរេចចិត្តខុសរបស់ខ្លួន ចាត់វិធានការមាំទាំជួសជុលការខូចខាតនេះនិងកុំបន្តធ្វើដំណើរតាមផ្លូវខុសនេះតទៅទៀត»។

លីទុយអានីនៅឆ្នាំនេះបាននិយាយថា ខ្លួនមានផែនការបើកការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ផងដែរនិងបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ចំនួន២០.០០០ដូសទៅអោយកោះនេះ៕