កូរ៉េខាងជើងនិយាយថា កូរ៉េខាងត្បូងនិងអាម៉េរិកនឹងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខខ្លាំងឡើងបើធ្វើសមយុទ្ធយោធារួមគ្នា

នាង គីម យ៉ូជុង ជាមន្ត្រីកូរ៉េខាងជើងដ៏មានអំណាចនិងជាប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារទី១០សីហានេះថាកូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកនឹងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងសម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍កាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាបឋមនៅថ្ងៃអង្គារនេះ បើទោះបីជាកូរ៉េខាងជើងព្រមានថា សមយុទ្ធនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។

នាង គីម យ៉ូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA សមយុទ្ធនេះគឺជា “សកម្មភាពដែលគ្មានការស្វាគមន៍និងបំផ្លាញខ្លួនឯង”ដែលគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើងនិងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។

នាងនិយាយថា”សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងនឹងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរចំពោះការមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់យើងដើម្បីបន្តធ្វើសមយុទ្ធដ៏គ្រោះថ្នាក់នេះ”៕