(ភ្នំពេញ)៖ កម្ពុជានាំចេញផ្លែស្វាយស្រស់ នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានចំនួន ជាង១៦ម៉ឺនតោន កើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២០។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹង ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេស បាន ចំនួន ១៦១,២២៨.៥៥តោន កើនឡើងចំនួន២៤៧.៩២%។
ផ្លែស្វាយស្រល់ជាង ១៦ម៉ឺនតោននោះ ប្រទេសវៀតណាមជាប់លេខរៀងទី១ ក្នុងការនាំចូល ស្វាយពីកម្ពុជាមានចំនួន ១៣៩,៦០៦.៦៨តោន, លេខរៀងទី២ ប្រទេសថៃចំនួន ២១,២១៩.២៨ តោន បន្ទាប់មកប្រទេសចិនមានចំនួន ២១១.២២តោន, ប្រទេសកូរ៉េ មានចំនួន ១២៤.៣៨តោន, ទីក្រុងហុងកុងចំនួន ៥០.៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែត ចំនួន០.០១តោន។
ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមាន ចំនួន ១៣,៥២៤.៥តោន កើនឡើងចំនួន ១៩៤.១៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១១,០៩៥.៥៩តោន, ប្រទេសជប៉ុនចំនួន ៥១២.៥០តោន, ប្រទេសកូរ៉េចំនួន ១៤.៥៦តោន, ប្រទេសហ្វីលីពីនចំនួន ៧៣៥.៦៩តោន, ប្រទេសថៃចំនួន ១,០៦៤.៦១តោន, សហរដ្ឋអាមេរិក ចំនួន ៨.៥៦តោន, ប្រទេសវៀតណាមចំនួន ៧៦.៨០តោន, ចក្រភពអង់គ្លេស ១៦.១៤តោន, និងប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន។
យ៉ាងមិញកម្ពុជាបាននាំចេញទឹកស៊ីរ៉ូស្វាយចំនួនជាង ៤,០៦៩.៦២តោន កើនឡើងចំនួន ៧៩.១៦% ដែលនាំចេញទៅកាន់ប្រទេសចិនប្រមាណ ១៤៨តោន, និងប្រទេសហ្វីលីពីនចំនួន ៣,៩២១.៦២តោន។ របាយការណ៍បង្ហាញទៀតថា រយៈពេល៧ខែឆ្នាំ២០២១នេះ គ្រាប់ស្វាយ ចន្ទីកម្ពុជា ក៏បាននាំចេញទៅកាន់ក្រៅប្រទេសដែល ដោយមានចំនួន ៨៦៦,២០៧.៧៧តោន កើនឡើងចំនួន ៣៤៥.២៩%។
សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាបាននាំចេញនេះ គឺបាននាំចេញទៅបណ្ដាលប្រទេសដូចជា៖ ចិនចំនួន ៣,៦៣៩.៥តោន, ឥណ្ឌាចំនួន ១៧តោន, ជប៉ុនចំនួន ៣៤.៤៣តោន, កូរ៉េចំនួន ៣.៩១តោន, ឡាវចំនួន ២តោន, អារ៉ាប់ចំនួន ១៤.៥១តោន, តូហ្គោចំនួន ០.០១តោន, ថៃចំនួន ៣,១៩៩.៤០តោន, អារ៉ាប់រួមចំនួន ០.០១តោន, វៀតណាមចំនួន ៨៥៩,២៩០តោន និងបង់ក្លា ដែសចំនួន ៧តោនផងដែរ៕