កន្លែងចាក់វ៉ាក់សាំងនៅពេលមនុស្សរាប់ពាន់នាក់សំរុកទៅរកវ៉ាក់សាំងអោយបានមុនការបិទខ្ទប់ទីក្រុងម៉ានីល បានបង្ករអោយមានភាពច្របូកច្រល់

ម៉ានីល៖ ចលាចលនិងភាពច្របូលច្របល់កើតមាននៅតាមកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ជាច្រើននៅក្រុងម៉ានីល កាលពីថ្ងៃ៥សីហា នៅពេលមនុស្សរាប់ពាន់នាក់បាននាំគ្នាមកចាក់វ៉ាក់សាំងយ៉ាងពពាក់ពពូនដោយសង្ឃឹមទទួលបានថ្នាំការពារខ្លួននៅមុនរដ្ឋធានីម៉ានីលវិលទៅរកការបិទខ្ទប់២សប្តាហ៍ឡើងវិញ។

ការរឹតបន្តឹងចរាចរណ៍មនុស្សនឹងត្រូវដាក់អនុវត្តឡើងវិញនៅទូទាំងតំបន់មហាក្រុងម៉ានីល ដែលរួមមានទីក្រុងតូចៗចំនួន១៦ដែលមានមនុស្ស១៣លាននាក់ ចាប់ពីយប់ថ្ងៃ៥សីហានេះទៅដើម្បីទប់ការរីករាលដាលវីរុសប្រភេទថ្មីDelta។

ម៉ារីសែល បាខេ អ្នកសាងសង់ផ្ទះវ័យ៥៩ឆ្នាំ បានតំរៀបជួរនៅក្រៅផ្សារមួយតាំងពីម៉ោង៣ជិតភ្លឺ ដើម្បីបានលេខរៀងមុនគេ។ចំណែកអូហ្វេលីយ៉ា ហ្គោនហ្សាឡេអាយុ៣៦ឆ្នាំអ្នកលក់អាហារនៅក្រុងម៉ានីល មិនបានចាក់វ៉ាក់សាំងទេទោះជាតំរៀបជួរតាំងពីយប់ថ្ងៃពុធ។

ដោយមានអ្នកឆ្លងសរុបប្រមាណ១,៦លាននាក់និងជាង២៨.០០០នាក់ស្លាប់ដោយកូវីដ១៩ ហ្វីលីពីនជាប្រទេសផ្ទុះកូវីដ១៩អាក្រក់បំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី៕