(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃ សុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១គឺបានអោយដឹងថាសេតវិមានអាមេរិកបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែកក្កដានេះថា អនុប្រធានា ធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នឹងធ្វើទស្សនកិច្ច ជាផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាមនៅខែក្រោយនេះ។ ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសសិង្ហបុរី ធ្វើឡើងតាមការអញ្ជើញរបស់នាយក រដ្ឋមន្ត្រីលោក លីសៀន ឡុង។
លេខាធិការសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី បានមានប្រសាសន៍ថា «ដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតីអាមេរិកលោកស្រី ហារីស បញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេស យើងទាំងពីរ»។
ប្រភពដដែលនេះបានបន្ថែមថា លោកស្រី ហារីស នឹងជួបជាមួយមេដឹកនាំសិង្ហបុរី និងពិភាក្សា អំពីវិធីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមមានវិស័យការពារ ជាតិ សន្តិសុខតាមអ៊ីនធឺណិត ពាណិជ្ជកម្មឌីជីថល ការប្រែប្រួលអាកាសធាតុ និងការឆ្លើយតប ជាសកលចំពោះជំងឺរាតត្បាតកូវីដ -១៩ ជាដើម។
នៅខែក្រោយនេះដែរ លោកស្រី ហារីស ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អនុប្រធានាធិបតីអាមេរិក។
ទោះជាយ៉ាងណាកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកមកកាន់បណ្តាប្រទេសអាស៊ានខាងលើ មិនទាន់បានកំណត់ឲ្យជាក់លាក់នៅឡើយទេ៕