យោងតាមការបញ្ជាក់ពី អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Pfizer ដកស្រង់ដោយទី ភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថាក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer គ្រោងនឹងស្នើសុំការអនុញ្ញាតពី អាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣ ឬ booster dose នៅខែក្រោយនេះ។
ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក មីកែល ដូលស្ទែន (Mikael Dolsten) ធ្វើការកត់សម្គាល់ខាងលើ ដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន ០៦ខែ និងដោយសារការ ព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។
លោក Mikael Dolsten បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង Pfizer មានប្រសិទ្ធខ្ពស់ប្រឆាំង នឹងវីរុសបម្លែងថ្មី Delta។ ប៉ុន្តែក្រោយការចាក់វ៉ាក់ទាំង ០២ដូសរយៈពេល ០៦ខែ វាទំនងជានឹងមាន ហានិភ័យឆ្លងវិញដដែល។ ដូច្នេះការចាក់វ៉ាក់សាំងដូសទី ៣ នឹងត្រូវតម្រូវជាចាំបាច់ ជាពិសេសលើ ក្រុមមនុស្សមានវ័យចំណាស់»។
សូមជម្រាបថា ការលើកឡើងរបស់លោក Mikael Dolsten ធ្វើឡើង បន្ទាប់ពីក្រុមអ្នកជំនាញអ៊ី ស្រាអែល កាលពីពេលថ្មីៗនេះបានអះអាងថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បានថយប្រសិទ្ធភាព មកនៅត្រឹម ៦៤ភាគរយ ក្នុងការបង្ការមិនឱ្យឆ្លង COVID-19 បើធៀបទៅនឹងទិន្នន័យចាស់ដែល បង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពបង្ការការឆ្លង រហូតដល់់ទៅច្រើនជាង ៩៥ភាគរយឯ ណោះ៕