មនុស្ស ៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៨ ខែកក្កដា ម្សិលមិញ

តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅ ព្រឹកថ្ងៃទី០៩ ខែកក្កដានេះគឺ យ៉ាងហោចណាស់មានជនសង្ស័យ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៤៧នាក់នោះ មាន ៣៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៥ករណី និងជនសង្ស័យ ១៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៧ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំង សមត្ថកិច្ច ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូល ដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕