ក្រោយពីបានទទួលការវះកាត់ សម្តេច Pope មានព្រះរាជសុខភាពល្អធម្មតា

តាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១គឹ បានបញ្ជាក់ថា បុរីវ៉ាទីកង់បានប្រកាសឲ្យដឹងថា សម្តេច ប៉ាប ហ្វ្រង់ស៉ីស (Pope Francis) មាន ព្រះរាជសុខភាពល្អធម្មតា ក្រោយពីទ្រង់បានទទួលការវះកាត់ផ្នែកពោះវៀនដោយជោគជ័យ ខណៈស្ថិតក្នុងជន្មាយុ ៨៤ព្រះវស្សា នេះគឺជាលើកដំបូងហើយដែលសម្តេចសង្ឃ កាតូលិកអង្គនេះត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ គិតចាប់តាំងពីការបោះឆ្នោតនៅបុរីវ៉ាទីកង់ កាលពីឆ្នាំ២០១៣។

អ្នកនាំពាក្យបុរីវ៉ាទីកង់ លោក ម៉ាត់ធីអូ ប្រ៊ូនី (Matteo Bruni) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការវះកាត់របស់សម្តេច Pope Francis គឺទទួលបានជោគជ័យ ហើយការវះកាត់នេះ ត្រូវបានធ្វើឡើង ក្រោមការរៀបចំទុកជាមុន យ៉ាងល្អិតល្អន់បំផុត។

លោក Matteo Bruni មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវះកាត់ ឬរយៈពេលនៃការវះកាត់ កន្លងទៅនេះឡើយ ហើយលោកក៏មិនបានបញ្ជាក់ថា សម្តេច Pope Francis នឹងស្ថិតនៅក្នុងមន្ទីរ ពេទ្យ ហ្គឹមមែលលី (Gemelli) នៃទីក្រុងរ៉ូម (Rome) រយៈប៉ុន្មានថ្ងៃទៀតដែរ។

សូមបញ្ជាក់ថា សម្តេច Pope Francis ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ហើយសេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានចេញមុនពេលពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃចន្ទ (ម៉ោងនៅទីក្រុង Rome)៕