រលកកម្ដៅផ្ដាច់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក

សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬ កង្ហារ។ សាកសពខ្លះ គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅ ដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេសកាណាដា និងតំបន់ប៉ាស៉ីហ្វិកភាគ ពាយព្យ នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

ជុំវិញបញ្ហានេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មាន ផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវ បានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។

អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon បានកើនឡើង ដល់ ៧៩នាក់ហើយ ដែលភាគច្រើន បានកើតឡើងនៅក្នុងតំបន់ Multnomah County ដែលស្ថិតនៅក្នុងទីក្រុងផត ឡេនដ៍ (Portland)។

ពួកគេមានអាយុជាមធ្យម ៦៧ឆ្នាំ និងចាស់ជាងគេមានអាយុ ៩៧ឆ្នាំ។

ដោយឡែក ប្រធានក្រុមអ្នកធ្វើកោសលវិច្ច័យលើសាកសពនៃខេត្តប្រ៊ីតធីស ខូឡុំបៀ (British Columbia) ប្រទេសកាណាដា លោកស្រី Lisa Lapointe បានគូសបញ្ជាក់បន្ថែមថា ការិយាល័យ របស់លោកស្រី ក៏បានទទួលរបាយការណ៍អ្នកស្លាប់យ៉ាងហោចណាស់ ៤៨៦នាក់ភ្លាមៗផងដែរ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃពុធសប្ដាហ៍នេះ ដែលវាជារឿងនឹកស្មានមិនដល់ សោះ ព្រោះជាធម្មតាលោកស្រីបានប៉ាន់ស្មានថា មនុស្សប្រហែល ១៦៥នាក់ប៉ុណ្ណោះដែលអាច ស្លាប់នៅខេត្តនេះក្នុងរយៈពេល ០៥ថ្ងៃ៕