ប្រទេសចិនសម្រេចបានការចាក់វ៉ាក់សាំងចំនួន «១.០៧ពាន់លានដូស» ជូនប្រជាជន នៅទូទាំងប្រទេស

យោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ ២០២១ បានអោយដឹងថាគណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំង បង្ការជំងឺ COVID-19 ប្រមាណ ១.០៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅ ទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។

ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើល ឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន របស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេ បំផុតនៅលើពិភពលោក។

សូមបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់ សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។

សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់ សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕