ប្រធានាធិបតីឥណ្ឌូណេស៊ី លើកឡើងថា «ការវ៉ាក់សាំងនៅទីក្រុងហ្សាការតា នឹងសម្រេចឲ្យបាន ៧.៥លាននាក់នៅខែសីហា»

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី មានគោលបំណងចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា (Jakarta) ឱ្យបានប្រមាណ ៧.៥លាននាក់នៅខែសីហាខាងមុខនេះ ប៉ុន្តែអ្នកជំនាញបាននិយាយថា ភាពស៊ាំជាសហគមន៍ នឹងមិនត្រូវបានផ្ដល់ឱ្យឡើយ។

លោក Jokowi បាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនាថា «ខ្ញុំបានប្រាប់ទៅអភិបាលក្រុងហ្សាការ តារួចហើយថា នៅចុងខែសីហាខាងមុខនេះ គោលដៅរបស់យើង គឺធ្វើយ៉ាងណាត្រូវតែចាក់ វ៉ាក់សាំង បង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា ឱ្យបានប្រមាណ ៧.៥លាននាក់»។

លោក Jokowi បាននិយាយបន្ថែមថា លោកទទួលស្គាល់ថា គោលដៅរបស់យើងនេះ គឺជាសេចក្ដី ប្រាថ្នាលើសលប់បន្តិចមែន ប៉ុន្តែវាត្រូវតែសម្រេចឱ្យបាន ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍ នៅក្នុងទីក្រុងមួយដែលជាចំណុចកណ្តាល នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ និងជាទីជម្រក របស់ប្រជាជនប្រមាណ ១០.៥លាននាក់។

ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកជំនាញដែលត្រូវបានសម្ភាសដោយសារព័ត៌មាន CNA បាននិយាយ ថា «គោលដៅនេះអាចធ្វើទៅបាន» ក្នុងការចាក់វ៉ាក់សាំង ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា ឱ្យបានប្រមាណ ៧.៥លាននាក់នៅចុងខែសីហាខាងមុខនេះ ដោយសារតែទីក្រុងនេះមានហេដ្ឋា រចនាសម្ព័ន្ធ និងវ៉ាក់សាំងគ្រប់គ្រាន់។

ទោះយ៉ាងណាក៏ដោយ ការធ្វើបែបនេះមិនត្រូវបានគេគិតថា នឹងអាចនាំឱ្យមានភាពស៊ាំជាសហគមន៍នោះទេ។

សាស្ត្រាចារ្យ ធីចាន់ដ្រា យ៉ូហ្គា អេឌីតាម៉ា (Tjandra Yoga Aditama) ដែលជាអតីតនាយកការិយា ល័យ អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (WHO SEARO) បានលើកឡើងថា ដើម្បីឈានទៅរកភាពស៊ាំជាសហគមន៍ វាគឺត្រូវការពេលវេលាសម្រាប់ខ្លួនរបស់យើង ដើម្បីបង្កើត អង្គបដិប្រាណ (អង់ទីករ) ប្រឆាំងនឹងជំងឺនេះ៕