យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថារដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Son Gwon បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងមិនបានពិចារណាអំពីទំនាក់ទំនងណាមួយ ជាមួយសហរដ្ឋអាមេរិកនោះទេ។ លោក Ri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវ បានធ្វើឡើងនៅលើប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ KCNA ថា «យើងមិនបានពិចារណាសូម្បីតែលទ្ធភាព នៃការទាក់ទងជាមួយសហរដ្ឋ អាមេរិកនៅពេលនេះ»។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រេសិតថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េ ខាងជើងបាននិយាយនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកទន្ទឹងរង់ចាំការ ឆ្លើយតបជាវិជ្ជមាននាពេលឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាជាមួយក្រុងព្យុងយ៉ាង។
សូមបញ្ជាក់ថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាដែលមិនអាចដោះស្រាយ បាន សម្រាប់ទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនឆ្នាំហើយ។ ក្នុងការព្យាយាមផ្លាស់ប្តូរ រដ្ឋបាល របស់ប្រធានាធិបតី Joe Biden បានធ្វើការពិនិត្យគោលនយោបាយឡើងវិញ ហើយបាន និយាយថា ខ្លួននឹងស្វែងរកវិធី «ធ្វើឱ្យប្រសើរឡើងនិងជាក់ស្តែង» ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យ មានការ រំសាយអាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកហាក់ដូចជាកំពុង បកស្រាយសញ្ញាពីកូរ៉េខាង ជើងក្នុងផ្លូវខុស។
លោកស្រី គីម យ៉ូជុង បានប្រតិកម្មខាងលើជាការឆ្លើយតបទៅនឹងទី ប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលកាលពីថ្ងៃអាទិត្យបាននិយាយថា លោកបានមើលឃើញសញ្ញាគួរឱ្យ ចាប់អារម្មណ៍មួយ ចំពោះសុន្ទរកថាថ្មីៗនេះរបស់លោក គីម ជុងអ៊ុន ស្តីពីទំនាក់ទំនងការទូតជា មួយសហរដ្ឋអាមេរិក៕