តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ គឺនាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកទើបតែបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្តងទៀត ដែលជាផ្លូវទឹកខណ្ឌចែករវាងកោះតៃវ៉ាន់ ហើយនិងប្រទេសចិន។
យោធាអាមេរិកបានប្រកាសឲ្យដឹងថា នាវាចម្បាំងប្រភេទ destroyer ឈ្មោះ USS Curtis Wilbur បានធ្វើដំណើរជាប្រចាំរបស់ខ្លូន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយស្រប ទៅតាមច្បាប់អន្តរជាតិ ហើយការចល័តនាវា Curtis Wilbur កាត់ផ្លូវទឹកនេះ ឆ្លុះបញ្ចាំងនូវការបន្ត ប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។
នាវាចម្បាំងដដែលខាងលើ ទើបតែបានធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីមួយខែមុន ដែល ពេលនោះចិនបានចេញមុខរិះគន់អាមេរិកថា កំពុងព្យាយាមបង្កការគំរាមកំហែងចំពោះសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សូមបញ្ជាក់ដែរថា ប្រមាណជាមួយសប្តាហ៍កន្លងទៅ តៃវ៉ាន់ក៏បានរាយការណ៍ផងដែរ អំពីការចល័ត យន្តហោះយោធាចិនដ៏ច្រើនសម្បើមសរុបចំនួន២៨គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះទម្លាក់ គ្រាប់បែក និងយន្តហោះចម្បាំង ចូលទៅតំបន់ការពារដែនអាកាសរបស់ខ្លួន។
ទីក្រុងប៉េកាំងបាននិយាយថា សកម្មភាពរបស់ខ្លូននៅក្បែរកោះតៃវ៉ាន់ មានគោលដៅការពារអធិប តេយ្យភាពរបស់ចិន និងរារាំងកម្លាំងបរទេសតែប៉ុណ្ណោះ ខណៈទីក្រុងតៃប៉ិបានថ្កោលទោសវាថា ជាការប៉ុនប៉ងគំរាម៕