ធនាគារពិភពលោក នឹងផ្តល់ផ្លូវ «ឌីប៊ីអេសធី» ចម្ងាយ ២៧ គីឡូម៉ែត្រ ដល់ស្រុកកងមាស

ធនាគារពិភពលោក ( WORLD BANK ) នឹងផ្តល់ ជំនួយផ្លូវ ក្រាលកៅស៊ូ ប្រភេទ «ឌីប៊ីអេសធី» ( DBST ) មួយខ្សែ ប្រវែង ២៧ គីឡូម៉ែត្រ ដល់ស្រុកកងមាស តាមរយ:អាជ្ញាធរខេត្តកំពង់ចាម បានជំរុញទៅក្រសួង អភិវឌ្ឍន៍ជនបទ នាពេលឆាប់ៗ ខាងមុខនេះ។

នេះបើយោងតាមការប្រកាសឱ្យដឹង ជាសាធារណៈរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ខណ:ដែលលោក និងសហការី បានអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់ ផ្លូវបេតុង មួយខ្សែ ប្រវែងជាង ៤.០០០ ម៉ែត្រ នៅឃុំរាយប៉ាយ ស្រុកកងមាស នៅព្រឹកថ្ងៃទី២២ មិថុនា។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ ដំណឹងរីករាយមួយទៀត សម្រាប់ប្រជាពលរដ្ឋ ស្រុកកងមាស គឺនៅសប្តាហ៍ក្រោយ នឹងបើកការដ្ឋានស្ថាបនាផ្លូវ មួយខ្សែទៀត មានចម្ងាយ ២៧ គីឡូម៉ែត្រ ជាប្រភេទ ក្រាលកៅស៊ូ ឌីប៊ីអេសធី ជាគម្រោង ផ្តល់ជំនួយ របស់ធនាគារ ពិភពលោក គឺផ្លូវមួយខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រ មួយ សំខាន់ណាស់ សម្រាប់ស្រុកកងមាស។

ឯកឧត្តម បានបន្តថាៈ ផ្លូវមួយខ្សែនេះ ចាប់ផ្តើមស្ថាបនា ចេញពីស្ពានព្រែកកុយ ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ឃុំរាយប៉ាយ និងតភ្ជាប់ផ្លូវក្រាលកៅស៊ូរបស់ខេត្ត ក្នុងឃុំសូគង ស្រុកកងមាស។ នៅពេលសង់រួចរាល់ គឺមានផ្លូវមួយខ្សែនេះទៀត គឺនឹងអភិវឌ្ឍន៍តំបន់នេះ ដូចនៅទីក្រុងអ៊ីចឹង៕