អ្នកនិពន្ធនិងនាយកគ្រប់គ្រងចំនួន៥នាក់នៅសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង គឺកាសែតApple Dailyត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី១៧មិថុនា នៅក្រោមច្បាប់សន្តិសុខជាតិហុងកុង ហើយប៉ូលិសបានចូលឆែកឆេរការិយាល័យរបស់កាសែតដើម្បីស្វែងរកភស្តុតាងដាក់បន្ទុកនៅក្នុងចំណាត់ការដែលនាំអោយមានការព្រួយបារម្ភអំពីអនាគតសារព័ត៌មានរបស់ទឹកដីនេះ។Apple Dailyល្បីនៅទីក្រុងហុងកុងចំពោះជំហរគាំទ្រចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់វា ហើយច្រើនតែរិះគន់និងថ្កោលរដ្ឋាភិបាលចិននិងហុងកុងចំពោះការរឹតបន្តឹងការគ្រប់គ្រងនៅក្នុងទីក្រុងនេះ។កាសែតនេះក៏ត្រូវបានរកឃើញថាមានចំណែកក្នុងចលនាបាតុកម្មមហាជនប្រឆាំងនឹងរដ្ឋាភិបាលហុងកុងនិងចិនអស់ពេលរាប់ខែកាលពីឆ្នាំ២០១៩ទៀតផង។
ប្រទេសចិនកាលពីឆ្នាំមុនបានចេញប្រើច្បាប់សន្តិសុខជាតិ និងអាជ្ញាធរហុងកុងបានបង្កើនការបង្ក្រាបលើជនប្រឆាំងក្រោយការតវ៉ាប្រឆាំងទ្រង់ទ្រាយធំអស់ពេលរាប់ខែនៅឆ្នាំ២០១៩។និពន្ធនាយកកាសែតApple Dailyលោក រ៉ាយអ៊ឹន ឡ នាយកគ្រប់គ្រង គីម-ហ៊ុង នាយកការផ្សាយនិងអ្នកនិពន្ធ២នាក់ទៀតត្រូវបានចាប់ខ្លួន នេះបើតាមការផ្សាយរបស់កាសែតApple Daily, the South China Morning Post និងសារព័ត៌មានក្នុងទីក្រុងនេះដទៃទៀត។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ប៉ូលិសបានចាប់ខ្លួននាយកក្រុមហ៊ុមមួយចំនួន៥នាក់ ចំពោះ«ការសង្ស័យបំពាន»ច្បាប់សន្តិសុខជាតិ។
បុរស៤នាក់ និងស្ត្រីម្នាក់អាយុរវាង៤៧ឆ្នាំទៅ៦៣ឆ្នាំត្រូវបានចាប់ខ្លួនចំពោះការសមគំនិតជាមួយ«បរទេស ឬសមាសភាពខាងក្រៅដើម្បីធ្វើអោយគ្រោះថ្នាក់សន្តិសុខជាតិ»។ ប៉ូលិសជាង២០០នាក់បានចូលរួមឆែឆេរការិយាល័យកាសែត Apple Daily ហើយរដ្ឋាភិបាលបានអះអាងថាមានដីកាមួយដើម្បីស្វែងរកភស្តុតាងពីបទរំលោភច្បាប់សន្តិសុខជាតិ។
វាជាលើកទី២ដែលប៉ូលិសចូលឆែកឆេរការិយាល័យកាសែតApple Dailyនិងកើតឡើងបន្ទាប់ពីការចាប់ខ្លួនស្ថាបនិកកាសែតនេះលោក ជីមមី ឡាយ និងនាយកប្រតិបត្តិដទៃទៀតកាលពីឆ្នាំមុនចំពោះការសង្ស័យថារំលោភច្បាប់សន្តិសុខជាតិ ឬឆបោក៕