យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់ថាអ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យនេះ បានចេញមុខបដិសេធថា ប្រទេសថៃមិនបានរារាំងការនាំចេញ វ៉ាក់សាំងបង្ការជំងឺ COVID-19 «AstraZeneca» នោះឡើយ បន្ទាប់ពីតៃវ៉ាន់បានអះអាងថា ថៃកំពុងបង្ខាំងទុកវ៉ាក់សាំងនេះ ដែលខ្លួនឯងកំពុងតែផលិត។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា តៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំង ១០លានដូស ពីក្រុមហ៊ុន AstraZeneca ហើយពួកវាភាគច្រើនត្រូវផលិតនៅក្នុងប្រទេសថៃ ប៉ុន្តែថៃបែរជាផ្តោតអាទិភាពយកវ៉ាក់សាំង ទាំងនោះ ប្រើប្រាស់សម្រាប់តែនៅក្នុងប្រទេសខ្លួនឯងទៅវិញ។
ឆ្លើយតបចំពោះការចោទប្រកាន់ខាងលើ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលថៃ បានចេញមុខនិយាយដូច្នេះថា «ថៃពុំបានរាំងខ្ទប់ការនាំចេញ វ៉ាក់សាំង AstraZeneca ទេ។
វាគឺជាបញ្ហារបស់អ្នកផលិត ដែលត្រូវចាត់ចែង»។ អ្នកនាំពាក្យរូបនោះ មិនបានបញ្ជាក់ឲ្យច្បាស់ឡើយថា ខ្លួនចង់សំដៅលើក្រុមហ៊ុន AstraZeneca ឬមួយក៏ក្រុមហ៊ុនថៃ ស៉្យាម បាយអូសាយអិន (Siam Bioscience) ដែលជាអ្នកទទួលបន្ទុកផលិត នៅក្នុងប្រទេសថៃ៕