វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម របស់ចិនចំនួន១លានដូសទៀត នឹងត្រូវដឹកមក ដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។ ចំនួនវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតនេះនឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាត ត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះកម្ពុជាបានរកឃើញមនុស្ស ៣៧,៣២១នាក់ កើតជំងឺ កូវីដ១៩ ហើយ ៣១១នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជា ឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារ សុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើ ទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៧លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។
រដ្ឋាភិបាលចិនធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅ វិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមក កាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជា ជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។
ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបប្រមាណ ២.៨លាននាក់ ស្មើនឹងជាង ២៨ភាគរយនៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជា ប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំង ទាំងនេះ កម្ពុជាបានចាត់ចែង និងបញ្ជាទិញរួចរាល់ផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន៖ សាំងស៊ីណូហ្វាមជំនួយរបស់ចិន ២.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤.៥លានដូស៕