ក្រុមប្រទេស G7 នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ សរុប១ពាន់លានដូស ទៅកាន់ពិភពលោក

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ ២០២១ គឺនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រំពឹងថា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នឹងព្រមព្រៀងគ្នាបរិច្ចាគវ៉ាក់សាំង COVID-19 សរុប១ពាន់លានដូស ទៅកាន់ប្រទេសអន់ ខ្សោយ កំលុងកិច្ចប្រជុំកំពូល G7 ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយជួយពន្លឿនកិច្ចប្រឹងប្រែង ចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក។

កំលុងណេលនៃកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមនាថ្ងៃសុក្រនេះ នៅរីសត ខាប៊ីស បេយ៍ (Carbis Bay) ក្នុងតំបន់ ខនវ៉ល (Cornwall) ភាគនិរតីប្រទេសអង់គ្លេស ក្រុមប្រទេស G7 ត្រូវគេរំពឹងថា នឹងប្រកាសអំពីការសន្យាផ្តល់វ៉ាក់សាំងសរុបចូលគ្នា ចំនួន១ពាន់លានដូស ទៅកាន់ ប្រទេសនានា ដែលត្រូវការជាចាំបាច់។ នាយករដ្ឋមន្រ្តីអង់គ្លេស ក៏បានអំពាវនាវផងដែរ ឲ្យបណ្តា មេដឹក នាំក្រុមប្រទេស G7 រួមប្តេជ្ញាគ្នា ជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការ COVID-19 នៅលើពិភពលោក។

ក្រោយពេលមកដល់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាផ្តល់ថាមពលចំពោះ សមរភូមិប្រយុទ្ធប្រឆាំងវិបត្តិជំងឺ COVID-19 នៅលើពិភព លោក តាមរយៈការបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស។ បើតាមលោក ចនសុន វិញ ចក្រភពអង់គ្លេសក៏នឹងផ្តល់វ៉ាក់សាំងយ៉ាងហោច ១០០លានដូសផងដែរ។ ដូច្នេះលោក ចនសុន រំពឹងថា ក្រុមប្រទេស G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 បានសរុបយ៉ាងតិច១ពាន់ លានដូស ទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន នឹងអង្គុយតុពិភាក្សាទល់មុខគ្នាជាលើកដំបូង ក្នុងកិច្ចប្រជុំកំពូល G7 ក្នុងរយៈពេលជិត២ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលឆ្នាំមុនត្រូវខកខាន ដោយសារតែ COVID-19៕