ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២៥ ខែមីនា បានថ្លែងអំណរ គុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលលោក ឈឿន ប៊ុនឆន ដែលបានប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ- កម្មការិនីរយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូល រួមជួយសម្រាលការលំបាក របស់កម្មករ ក៏ដូចជារាជរដ្ឋា ភិបាល នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ វាយលុកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈការមិនយកថ្លៃឈ្នួលមួយរយៈ។
សម្តេចតេជោ បានរៀបរាប់តាមរយៈ Comment នៅលើ Facebook របស់លោក ឈឿន ប៊ុនឆន យ៉ាងដូច្នេះថា៖
«សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរស ដែលនឹងរួមចំណែកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនីយើង។ ពេល នេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយ គ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេង ទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង
គ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួល មួយរយៈពេលឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕